(ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងអនុម័ត របៀបវារៈចំនួនបីរួមមាន៖ ទីមួយ ការពិនិត្យលើសំណើសុំជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៣ ចំនួន១រូប ជំនួសសម្តេច រាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសុំលាលេង។ ទីពីរ ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលហុងគ្រីស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃកាវិនិយោគ។ ទីបី ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីនាយកដ្ឋានព័ត៌មាននៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំព្រឹកនេះ ដឹកនាំដោយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រៅពីនោះ ក៏មាន ប្រធានគណៈកម្មការមកពី គណបក្សសង្រ្គោះជាតិចំនួនពីររូប គឺលោក អេង ឆៃអ៊ាង និងលោកស្រី កែ សុវណ្ណរតន៍ ចូលរួមផងដែរ ចំណែកឯគណៈកម្មការបីរូប ជំនួសដោយ ប្រធានមកពីគណបក្សប្រជាជនកម្ពុជា៕