(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក ក្នុងនោះយប់១២លើក បណ្តាលឲ្យមនុស្សស្លាប់៩នាក់ រងរបួសធ្ងន់ ១២នាក់ (ស្រី៣នាក់) និងរបួសស្រាល ១០នាក់ (ប្រុស) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៧គ្រឿង រួមមានម៉ូតូចំនួន១៨គ្រឿង, រថយន្តធុនតូច៩គ្រឿង រថយន្តធុនធំ៦គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ២គ្រឿង, ថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៩លើក (ស្លាប់៦នាក់), ស្រវឹង១លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែងគ្រោះថ្នាក់៣លើក (ស្លាប់២នាក់) , មិនគោរពសិទ្ធិ១លើក(ស្លាប់ម្នាក់), បត់គ្រោះថ្នាក់ ១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់១៦នាក់ យប់១២នាក់។
ជាមួយគ្នានេះ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃម្សិលមិញ សម្ថកិច្ចនគរបាលចរាចរណ៍បានរកឃើញ មធ្យោបាយល្មើស ៥,៧៦០ គ្រឿង, អប់រំ ២,៦១៩ គ្រឿង, ពិន័យ ៣,១៤១ គ្រឿង៕