(ប៉ៃលិន)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដែលជាប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន តាមរយៈក្រុមការ ងាររបស់លោក បានឧត្ថម្ភទឹក និងថវិកាមួយចំនួនជូនដល់សាលាខេត្តប៉ៃលិន ដើម្បីយកទៅជួយសង្រ្គោះប្រជាពលរដ្ឋក្នុងខេត្ត ប៉ៃលិន កំពុងជួបគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់។
ទឹកប្រមាណ ៤២០យួរ និងថវិកា ២៥៥ដុល្លារ ដែលជាការឧបត្ថម្ភរបស់លោក ប៉ាន សូរស័ក្តិ ត្រូវបានលោក សុខ សាធីម ប្រធាន មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និង លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន យកទៅប្រគល់ជូនលោក កើត សុធា អភិបាលខេត្តប៉ៃលិន ដើម្បីចាត់ចែងជូនប្រជាពលរដ្ឋនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ។
ជាមួយការទទួលបានការឧបត្ថម្ភទឹក និងថវិកា ពីលោក ប៉ាន សូរស័ក្តិ ដើម្បីជួយដល់ពលរដ្ឋខ្វះទឹកប្រើប្រាស់នេះ អភិបាលខេត្ត ប៉ៃលិន លោក កើត សុធា ក៏បានផ្តល់លិខិតថ្លែងអំណរគុណមួយសន្លឹកជូនដល់លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ អភិបាលខេត្ត ប៉ៃលិន បានចាត់ការឧបត្ថម្ភនេះ គឺជាការចូលរួមចំណែក ដ៏សំខាន់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ៕