(ពោធិ៍សាត់)៖ បន្ទាប់ពីកន្លងផុតទៅរយៈពេល ១ឆ្នាំ នៃការចាប់ផ្តេីមអភិវឌ្ឍ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នៅថ្ងៃចន្ទ ទី ៧ ខែមីនា ឆ្នាំ២០២២ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជេីញពិនិត្យមេីលវឌ្ឍនភាព ព្រមទាំងចុះសួរសុខទុក្ខកងកម្លាំង ក្រុមការងារភូមិ និងគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី ១ បានជួបសំណេះសំណាល ជាមួយកងកម្លាំង និងក្រុមការងារប្រចាំភូមិសរុបចំនួន ១២២នាក់ ដោយបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនទាំងអស់។

ទន្ទឹមនឹងនេះ លោកស្រីបានសម្តែងនូវក្តីរំភេីបសប្បាយរីករាយ ពេលដែលបានឃេីញការរីកចម្រេីនយ៉ាងឆាប់រហ័សនៅក្នុងភូមិ ដោយគ្រួសារនីមួយៗបានខិតខំបង្កបង្កេីនផល ដាំដំណាំផ្សេងៗ ហេីយទទួលបានផលយ៉ាងល្អប្រសេីរ ដែលអាចដោះស្រាយជីវភាពគ្រួសារបាន។

ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងគ្រប់ផ្នែកទាំងអស់ ដែលបានរួមគិត រួមធ្វេី រួមទទួលខុសត្រូវ ក្នុងការចូលរួមអភិវឌ្ឍភូមិ ដ្ឋានថ្មីនេះឱ្យមានការផ្លាស់ប្តូរប្រែមុខប្រែមាត់ សម្រេចបានការសាងសង់ផ្ទះរួចរាល់ និងឈានដល់ការប្រគល់-ទទួលជាផ្លូវការជំហានទី៣ ដែលជាវគ្គបញ្ចប់ចំនួន ៣២៨ខ្នងទៀត នៅថ្ងៃខាងមុខឆាប់ៗនេះ។

លោកស្រីក៏បានជម្រាបជូនពីទិសដៅ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ដែលបំពេញការងារជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដែលមានកម្លាំងអ្នកស្ម័គ្រចិត្តនៅតាមមូលដ្ឋានជាប្រតិបត្តិករផ្ទាល់។ ក្នុងន័យនេះ លោកស្រីបានណែនាំឱ្យមានការជ្រេីសរេីសអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រចាំភូមិ ដេីម្បីធ្វេីជាកម្លាំងផ្តល់សេវាកម្មមនុស្សធម៌ ជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋយេីង និងរួមចំណែកពង្រឹងភាពធន់សហគមន៍។

បន្ទាប់ពីជួបសំណេះសំណាលរួច ក្រុមការងារបានបន្តចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនតាមខ្នងផ្ទះចំនួន ១០គ្រួសារ ផងដែរ។

ក្នុងឱកាសនោះដែរ សង្កេតឃើញថា ក្រុមគ្រួសាររបស់អតីតយុទ្ធជន មានក្តីរំភើបរីករាយឥតឧបមាដោយបានទទួលបានជម្រករស់នៅសមរម្យ ដីធ្លីសម្រាប់ប្រកបរបរបង្កបង្កើនផលបានសមរម្យ ជាពិសេសការគិតគូររបស់ថ្នាក់ដឹកនាំ ដែលធ្វើឱ្យពួកគាត់មានភាពកាន់តែកក់ក្តៅ។

ប្រជាពលរដ្ឋខាងលើនេះបានចាត់ទុកថា ដីធ្លី និងលំនៅឋាន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាទ្រនំជីវិតថ្មី ដែលពួកគាត់នឹងកសាងជីវិតថ្មីឱ្យបានល្អប្រសើរ ជាមួយនឹងផែនការដាំដុះកសិផលនៅលើដីដ៏សម្បូរជីវជាតិមួយនេះ ហើយនេះជាអំណោយដ៏មានសារសំខាន់បំផុតសម្រាប់ជីវីតរបស់ពួកគាត់។

លោក មួង សេដា អតីតយុទ្ធជន បានចូលនិវត្តន៍ ដែលទទួលបានផ្ទះមួយខ្នង ក្នុងចំណោមផ្ទះខាងលើនេះ បានឲ្យដឹងថា «ពួកខ្ញុំសព្វថ្ងៃនេះ មានជីវភាពធូរធារជាងមុន បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ»

ចំណែកលោកស្រី កែវ ស្រីមុំ ដែលជាស្ត្រីមេមាយកូន៣ ប្តីជាអតីតយុទ្ធជន ដែលទទួលមរណៈភាពទៅហើយ តែក៏ទទួលបានផ្ទះមួយខ្នងនឹងគេផងដែរ បានលើកឡើងទាំងទឹកចិត្តក្តុកក្តួលថា «ខ្ញុំពិតជារំភើបយ៉ាងខ្លាំង គ្មានអ្វីប្រៀបបាន ដែលកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ផ្ទះ និងជំនួយផ្សេងៗជាបន្តបន្ទាប់ មកដល់ពេលនេះ បានជួយស្តារជីវភាពរស់នៅរបស់គ្រួសារខ្ញុំឲ្យបានកាន់តែប្រសើរឡើង ហើយខ្ញុំប្តេជ្ញា បង្កបង្កើនកសិផលបន្ថែមទៀតលើទឹកដីដ៏សុខសាន្តមួយនេះ»

សូមជម្រាបថា គ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានប្តេជ្ញាកសាងជីវិតគ្រួសារឲ្យប្រសើរឡើង ពិសេស ដី និងផ្ទះនេះ បើទោះបីជាក្រលំបាកយ៉ាងណា ក៏ផ្តាំកូនផ្តាំចៅ មិនឱ្យលក់ជាដាច់ខាតនោះឡើយ៕