(ភ្នំពេញ)៖ បើសិនជាចង់ថតភាពយន្ត ភាពយន្តឯកសារចម្រៀងកាយវិការ និងស្បតពាណិជ្ជកម្ម ផលិតករត្រូវដាក់ពាក្យស្នើសុំផ្ទាល់ ទៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានស្តីពីការស្នើសុំការអនុញ្ញាតថតភាពយន្ត ភាពយន្តឯកសារចម្រៀងកាយវិការ ស្បតពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់ជូនព័ត៌មាននេះ ដល់សាធារណជន ជាពិសេសដល់ផលិតករ សេវាករ អង្គការ និងក្រុមហ៊ុនថតភាពយន្តទាំងក្នុង និងក្រៅប្រទេសទាំងអស់។

សេចក្តីជូនព័ត៌មានដដែលបញ្ជាក់ថា «ដោយយោងតាមអនុក្រឹត្យលេខ២៣៤.អនក្រ.បក ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពី “ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត" រាល់ការស្នើសុំការអនុញ្ញាតថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្បតពាណិជ្ជកម្ម ផលិតករត្រូវដាក់ពាក្យស្នើសុំផ្ទាល់មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ មានជាអាទិ៍៖ លិខិតស្នើសុំថត អត្ថបទនិពន្ធរឿងពិស្តារ អត្ថបទសង្ខេបខ្លឹមសារ កម្មវិធី ទីកន្លែងថត។ល។ ឯកសារទាំងនេះ នឹងសម្រួលរាល់ទម្រង់នៃការស្នើសុំថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្បត
ពាណិជ្ជកម្មផ្សេងៗ ចៀសវាងការខាតបង់ពេលវេលានៃការស្នើសុំដោយប្រយោល ឬដោយវិធីផ្សេង
តាមរយៈអង្គភាពផ្សេងៗទៀត»

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធជួយណែនាំដល់ផលិតករ ក្រុមហ៊ុនថតភាពយន្ត និងអង្គការនានា ដែលមានបំណងថតភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមកទំនាក់ទំនងផ្ទាល់ជាមួយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដែលមានអាសយដ្ឋាន អគារលេខ៧០ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈគេហទំព័រ www.cambodiafilm.info ឬអ៉ីម៉ែល [email protected] ឬទំនាក់ទំនងតាមលេខទូរសព្ទ (៨៥៥) ២៣ ២១៥ ៤៦៩ និង (៨៥៥) ១១ ៤៤៧ ៧៨៩ (សម្រាប់ជនបរទេស) ឬតេលេក្រាម (៨៥៥) ១២ ៩៧៧ ៩៧៧ ៕