(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ដែលនឹងចូលមកដល់នៅថ្ងៃស្អែកនេះ, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ, អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានរៀបចំនូវអត្ថបទមួយដែលមានចំណងជើងថា គ្រូពេទ្យស្ត្រី «ជាកងទ័ពអាវស» ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងអត្ថបទនេះ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា ស្ត្រីនៅក្នុងប្រទេសកម្ពុជា សូមចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរំដោះប្រទេសជាតិ ក៏ដូចជាបានជួយដល់ការរស់រានមានជីវិតទីពីររបស់ស្ត្រី និងប្រជាជនទូទៅ ពីរបបប្រល័យពូវសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបាននាំមកនូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ព្រមទាំងបានលើកស្ទួយសមភាពយិនឌ័រ ផ្តល់ឱកាសជូនស្ត្រី អាចបម្រើការងារសង្គមទៅតាមសមត្ថភាពរៀងៗខ្លួន។

ស្ត្រីកម្ពុជា សូមរៀនសូត្រតាមនូវគំរូវីរៈភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវភាពទន់ភ្លន់ហ្មត់ចត់តែមានភាពអង់អាចក្លាហាន និងជានិមិត្តរូបស្រ្តីខ្មែរ ដែលពោរពេញដោយសក្តានុពល និងចំណេះជំនាញទាំងក្នុងការរស់នៅ ទាំងក្នុងកិច្ចការសង្គម ដែលស្ត្រីកម្ពុជា សូមលើកដៃប្រណមគោរពជូនពរបរវមហាប្រសើរសុខភាពល្អបរិបូណ៍ អាយុយឺនយូរ ជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងនៅជានិមិត្តរូបស្រ្តីខ្មែរជារៀងដរាប។

ដោយមានការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ស្ត្រីជាច្រើននាក់បានចូលបម្រើការងារនៅក្នុងវិស័យសុខាភិបាល ដើម្បីចូលរួមចំណែកលើកស្ទួយការការពារ និងថែទាំសុខភាពប្រជាជនទូទៅ ព្រមទាំងជួយដល់ការសម្រាលកូនដោយសុវត្ថិភាព និងមានសុខភាពល្អ ដែលជាចំណែកមួយដែលមិនអាចខ្វះបានក្នុងការបង្កើតបាននូវកម្លាំងធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសជាតិ។

ជាក់ស្តែង នៅក្នុងយុគសម័យប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ត្រីដែលជាគ្រូពេទ្យ (មានដូចជា បណ្ឌិតសុខភាពសាធារណៈ គ្រូពេទ្យឯកទេស អ្នកជំនាញសុខភាពសាធារណៈ វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកយិកាជាដើម) និងអ្នកជំនាញពាក់ព័ន្ធផ្សេងៗ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយផ្តល់សេវាអប់រំសុខភាព ការពារថែទាំ ពិនិត្យ ព្យាបាលជំងឺកូវីដ-១៩ផង និងជំងឺផ្សេងៗទៀត ដោយមិនខ្លាចនឿយហត់ឡើយ។ ការងារសម្រាលកូន និងថែទាំសុខភាពមាតា និងទារក គឺជាកិច្ចការដែលក្រុមគ្រូពេទ្យស្ត្រី បាន និងបន្តអនុវត្ត ដោយយកចិត្តទុកដាក់ជាទីបំផុត ទោះបីជាស្ត្រីដែលមកសម្រាលកូន មានផ្ទុកវីរុសកូវីដ-១៩ក៏ដោយ ក៏ការជួយសង្គ្រោះអាយុជីវិតជាកិច្ចការដែលត្រូវតែជួយជាចំបង៕

ខាងក្រោមនេះជាអត្ថបទទាំងស្រុងរបស់លោកស្រី ឱ វណ្ណឌីន៖