(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុកស្រ្តី គឺជាមាតាពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ។ ការលើកឡើងបែបនេះរបស់លោក គឺក្នុងឱកាសសំណេះសំណាល ជាមួយស្រ្តីក្នុងរចនាសម្ព័ន្ធសាលាខេត្ត នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។

លោកអភិបាលខេត្ត បានសម្តែងនូវការគាំទ្រចំពោះប្រធានបទ ដ៏មានសារៈសំខាន់នេះ និងបានសង្កត់ធ្ងន់ថា អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំ ជាតួអង្គស្នួល ដើម្បីធានាថារសមភាពយេនឌ័រ គឺជាតម្លៃ និងកិច្ចការរបស់យើងទាំងអស់គ្នា អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំប្រកបដោយ បរិយាប័ន្ន សំដៅលើការចាត់ទុកការងារ លើការពង្រឹងសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ជាអភិក្រមចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាព និងគណនេយ្យភាព របស់ថ្នាក់ដឹកនាំ និងគ្រប់អង្គភាពពាក់ព័ន្ធកិច្ចការអាទិភាពចាំបាច់នានា ដើម្បីឈានទៅសម្រេចសមភាព យេនឌ័រ ត្រូវការជាចាំបាច់នូវការគាំទ្រ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងដៃគូរ ពាក់ព័ន្ធគ្រប់កម្រិត រួមទាំងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងនៅតាមសា្ថប័ននានា។

លោក ញ៉ែម សំអឿន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្រ្តីក្នុងរចនាសម្ព័នសាលាខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ជាពិសេសបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចដំណើរការអភិវឌ្ឍខេត្តលើគ្រប់វិស័យ។

ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានជូនកាដូអនុស្សាវរីយ៍ និងថវិកាមួយចំនួនជូននារីក្នុងរចនាសម្ព័ន្ធសាលាខេត្តផងដែរ៕