(ភ្នំពេញ)៖ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ដំណើរការនីតិវិធី និងសវនកម្មផ្ទៃក្នុង ដល់សិក្ខាកាមដែលជាមន្រ្តីនៃក្រសួងបរិស្ថាន ដើម្បីឆ្លើយតបនឹងស្តង់ដាសវនកម្មផ្ទៃក្នុង។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពជូនសិក្ខកាម ក្នុងការរៀបចំផេនការយុទ្ធសាស្រ្តសវនកម្ម ផែនការសវនកម្មប្រចាំឆ្នាំ និងនីតិវិធីក្នុងការអនុវត្តការងារសវនកម្មជាក់ស្ដែង ឱ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងស្ដង់ដាសវនកម្មផ្ទៃក្នុង។
លោករដ្ឋមន្រ្តី សាយ សំអាល់ បានឱ្យដឹងថា តាមរយៈការបណ្ដុះបណ្ដាលនេះ នឹងអាចជួយពង្រឹងបន្ថែមដល់មន្រ្តីជំនាញ នៃក្រសួងបរិស្ថានបន្ថែមទៀត ពាក់ព័ន្ធនឹងការអនុវត្តផែនការនៅក្នុងក្រសួងបរិស្ថានទាំងមូល ដើម្បីឆ្លើយតបទៅនឹងការផ្ដល់ឱ្យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
លោកបានបន្ថែមថា «ដំណើរការ និងនិតីវិធីសវនកម្មផ្ទៃក្នុង ជាផ្នែកមួយនៃការធ្វើទំនើបកម្មសាធារណៈ និងជាផ្នែកមួយនៃការថ្វើកំណែទម្រង់របស់ក្រសួង ក្នុងការកសាងសមត្ថភាពដល់មន្រ្តីជំនាញបន្ថែម»។ ក្រៅពីនេះ លោករដ្ឋមន្រ្តីក៏បានសំណូមពរដល់មន្រ្តីសវនកម្មផ្ទៃក្នុងទាំងអស់ ត្រូវមានភាពស្អាតស្អំក្នុងការបំពេញភារកិច្ចផងដែរ៕