(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានជម្រាបជូនដំណឹងជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាភូមិ-សង្កាត់និមួយៗទាំង៧ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ឱ្យអញ្ជើញទៅធ្វើសៀវភៅ ស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ឱ្យបានគ្រប់ក្រុមគ្រួសារ ក្នុងយុទ្ធនាការចុះធ្វើ និងផ្ដល់ផ្ទាល់ពីក្រុមការងារចាប់ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នេះតទៅ។

ការជូនដំណឹងជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ ឱ្យអញ្ជើញទៅធ្វើសៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ឱ្យបានគ្រប់ក្រុមគ្រួសារ ក្នុងយុទ្ធនាការចុះធ្វើ និងផ្ដល់ផ្ទាល់ពីក្រុមការងាររបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កម្លាំងប៉ុស្ដិ៍រដ្ឋបាលទាំង៧ មន្ត្រីរដ្ឋបាលខណ្ឌ-សង្កាត់ទាំង៧ ក្រោមកិច្ចសហការពីលោកវរសេនីយ៍ឯក អេង អេលីយ៉ាន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងមន្ត្រីក្រោមឱវាទ នេះបានអនុវត្តឡើងព្រមៗគ្នា ក្រោយពីមានការអនុញ្ញាត និងការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកាន់តែងាយស្រួលក្នុងការគ្រប់គ្រង ហើយក៏ជាឯកសារបញ្ជាក់ អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកធ្វើជាសក្ខីកម្មសម្រាប់ធ្វើលិខិតស្នាមចាំបាច់ផ្សេងៗដទៃទៀត។

សូមជម្រាបថា សៀវភៅគ្រួសារ ពីមុនជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវរុញទម្លាក់មកនៅត្រឹមអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌវិញ។ ដោយឡែកសៀវភៅស្នាក់នៅ ដែលធ្លាប់ធ្វើនៅអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌ ត្រូវរុញទម្លាក់មកនៅត្រឹមប៉ុស្តិ៍នគរបាលឃុំ សង្កាត់ជំនួសវិញ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ១៩៩៧ បានចែងថា សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ ពីសមាជិកគ្រួសារ ដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។ គ្រួសារនីមួយៗ ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូប រស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសៀវភៅគ្រួសារមួយ។

ជនបរទេសគ្មានសិទ្ធិកាន់កាប់ ប្រើប្រាស់សៀវភៅគ្រួសារនេះទេ។ ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយ ដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណា ដែលអនុវត្តភារកិច្ចនេះ ផ្ទុយពីបទបញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

សៀវភៅស្នាក់នៅវិញ យោងតាមអនុក្រឹត្យឆ្នាំ១៩៩៧ដដែល បានចែងថា សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងបញ្ជីសៀវភៅនេះឡើយ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជនគ្រប់រូប ដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬជាអ្នកជួលក្តី មានកាតព្វកិច្ចចុះក្នុងសៀវភៅស្នាក់នៅ នូវឈ្មោះមនុស្សគ្រប់រូប ដែលរស់នៅជាប់លាប់ជាមួយខ្លួន។ សៀវភៅទាំងពីរនេះ ក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ផ្សេងៗដទៃទៀត៕