(ភ្នំពេញ)៖ បេសកជនពិសេសរបស់រដ្ឋាភិបាលជប៉ុន លោក យូហេ សាសាកាវា (Yohei Sasakawa) បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅនេះ។ បេសកជនពិសេសរបស់រដ្ឋាភិបាលជប៉ុនរូបនេះ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ គឺជាការបើកទ្វារបញ្ហា និងជាការផ្តល់ក្តីសង្ឃឹមកាន់តែធំជូនពលរដ្ឋមីយ៉ាន់ម៉ា។

លោក យូហេ សាសាកាវា បានថ្លែងបែបនេះ ក្នុងពេលរូបលោកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនោះ លោក យូហេ សាសាកាវា បានហៅដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់មីយ៉ាន់ម៉ា គឺជាសកម្មភាពជាក់ស្តែងមួយកើតចេញពីចិត្ត ពីបេះដូង ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលកំពុងជាប់គាំង។

លោក អ៊ាង សុផល្លែត បានដកស្រង់សម្តីលោក យូហេ សាសាកាវា មកបញ្ជាក់យ៉ាងដូច្នេះ «ជំនួប១០០ដង មិនស្មើនឹងសកម្មភាពមួយដងនោះទេ នោះគឺដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺបានបើកទ្វារដែលបានចាក់សោរជាប់ទៅហើយ។ នេះគឺជាសកម្មភាពមួយដែលធ្វើឡើងដោយអស់ពីចិត្ត ពីបេះដូង ហើយជាសកម្មភាពទទួលនូវការគោរពផង និងផ្តល់នូវសេចក្តីសង្ឃឹមកាន់តែធំទៅដល់ប្រជាជនមីយ៉ាន់ម៉ា»

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយបានជួបជាមេដឹកនាំយោធា លោក មីន អោងឡាំង នឹងបានពិភាក្សាលើការងារជាច្រើន ដែលអនុលោមតាមគោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ានស្តីពីដំណោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាកិច្ចប្រឹងប្រែងមួយរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហារបស់មីយ៉ាន់ម៉ា បើទោះបីមើលឃើញថា ជាបញ្ហាដ៏លំបាក និងស្មុគស្មាញខ្លាំងក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក យូហេ សាសាកាវា ដែលបានមើលឃើញនូវគុណតម្លៃនៃដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងចាត់ទុកការយល់ឃើញរបស់បេសកជនពិសេសរបស់ជប៉ុនរូបនេះ ដូចទៅនឹងទស្សនៈរបស់សម្តេចផងដែរ។

លោក អ៊ាង សុផល្លែត បានស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់យ៉ាងដូច្នេះ «យើងមានចំណាប់អារម្មណ៍ដូចគ្នាចំពោះមីយ៉ាន់ម៉ា នោះគឺបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងនាំអំណោយជូនដល់ប្រជាជនដែលកំពុងត្រូវការជាទីបំផុត។ ទិសដៅដែលសំខាន់ជាងនេះទៅទៀតនោះ គឺការនាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រជាធិបតេយ្យ»

សម្តេចតេជោ បានបញ្ជាក់ជូនលោក យូហេ សាសាកាវា ផងដែរថា ក្នុងនាមជាប្រធានប្តូរវេណរបស់អាស៊ាន សម្តេចនឹងប្រឹងប្រែងដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា។

សម្តេចតេជោ ក៏បានស្នើសុំលោក យូហេ សាសាកាវា បន្តធ្វើការជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់អាស៊ាន លើបញ្ហារបស់មីយ៉ាន់ម៉ា។

នៅក្នុងជំនួបថ្ងៃនេះ លោក យូហេ សាសាកាវា ក៏បានស្នើសុំសម្តេចតេជោអនុញ្ញាតឱ្យសិក្ខាកាមមីយ៉ាន់ម៉ា បានមកសិក្សាលើការផលិតអវយវៈសិម្បនិម្មិត ពីកម្ពុជា ដែលអង្គការរបស់លោកបានបណ្តុះបណ្តាលជាយូរមកហើយនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងចាត់ទុកថា នេះជាកិត្តិយសមួយសម្រាប់កម្ពុជា។

នៅចំពោះមុខរបស់សម្តេចតេជោ, លោក យូហេ សាសាកាវា ក៏បានថ្លែងកោតសរសើរពីការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជាផងដែរ។ លោកបានលើកឡើងថា ភាពរីកចម្រើនទាំងនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវភាពប៉ិនប្រសប់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕