(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីអនុវត្តវិធានការច្បាប់លើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ថា ក្រោមការអូសទាញ និងញុះញង់របស់មនុស្សមួយក្តាប់តូចក្នុងជួរបាតុករ ក្រុមហ៊ុន ណាហ្គាវើលដ៏ តាមការបង្គាប់បញ្ហារបស់មនុស្សមួយក្រុមដែលនៅខាងក្រៅ ដែលចិញ្ចឹមចិត្តរៀបចំសេនារីយោឱ្យមានរូបភាពផ្សេងៗ ដើម្បីកេងចំណេញ។

រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ទៀតថា ក្រុមនេះបានលើកហេតុផលពន្យល់ ឆក់ឱកាស ប្រើប្រាស់ និងរៀបចំក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ឱ្យធ្វើបាតុកម្មខុសច្បាប់មុនថ្ងៃ ៨មីនាមួយថ្ងៃ គឺនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីយករូបភាពនានាពីការអនុវត្តវិធានការសុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមរបស់អាជ្ញាធរមានសមត្ថកិច្ចសម្រាប់ធ្វើការបកស្រាយទៅជារូបភាពអវិជ្ជមានផ្សេងៗ តាមការចង់បានរបស់ពួកគេ។ ជាក់ស្តែង ដោយជឿយ៉ាងងប់ងុលតាមការអូសទាញ របស់ក្រុមខាងលើ ដែលចេះតែលើកហេតុផលឱ្យក្រុមបាតុករមាន សង្ឃឹមអំពីសកម្មភាពខុសច្បាប់របស់ពួកគេថានឹងទទួលបានលទ្ធផល ក្រុមបាតុករបានប្រើប្រាស់មធ្យោបាយ និងរូបភាពផ្សេងៗ ដើម្បីជម្នះធ្វើការប្រមូលផ្តុំឱ្យខាងតែបាន ដោយពួកគេបានធ្វើការជូនដំណឹងជាមុនទៅអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធដែលមាននិន្នាការប្រឆាំង ដើម្បីមកចូលរួមចាំផ្តិតយករូបភាពទៅធ្វើការអត្ថាធិប្បាយផ្ទុយពីការពិតទាំងស្រុង។

ក្នុងការអនុវត្តវិធានការសុខាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចបានអញ្ជើញក្រុមបាតុករទាំងអស់ចំនួន ១៨០នាក់ ទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីធ្វើតេស្តស្វែងរកវីរុសកូវីដ-១៩ក្នុងចំណោមក្រុមគាត់។ នៅពេលទៅដល់ទីតាំងខាងលើ ក្រុមបាតុករទាំងអស់បែរជាមិនផ្តល់កិច្ចសហការជាមួយក្រុមគ្រូពេទ្យប្រចាំការនៅទីនោះឡើយ ដោយពួកគាត់មិនព្រមផ្តល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីឱ្យក្រុមគ្រូពេទ្យបំពេញបែបបទសម្រាប់ធ្វើតេស្ត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យនៅតែខិតខំព្យាយាមពន្យល់ហេតុផលដល់គាត់ដោយភាពអត់ធ្មត់ ធ្វើយ៉ាងណាឱ្យពួកគាត់ផ្តល់សំណាកតាមពេលវេលាកាន់តែឆាប់ដែលអាចធ្វើទៅបាន។ ផ្ទុយទៅវិញ ក្នុងករណីដែលបាតុករទាំងអស់នៅតែមានះពុំព្រមផ្ដល់កិច្ចសហការ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ ដោយពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ទៅ ៥លានរៀល ក្នុងករណីមិនរាងចាលនឹងពិន័យទ្វេដង ស្របតាមមាត្រា២១ និងមាត្រា២៧ នៃអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លើសពីនេះទៀត ក្នុងករណីមានការរារាំងការអនុវត្តវិធានការសុខាភិបាល នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដទៃទៀត សូមកុំជឿតាមការអូសទាញរបស់ជនឱកាសនិយមមួយក្តាប់តូច ដើម្បីកេងចំណេញយករូបភាពសម្រាប់ធ្វើអាជីវកម្មបំពេញមហិច្ឆតារបស់ខ្លួន បែរជាឱ្យក្រុមបាតុករជាអ្នករងគ្រោះទទួលខុសត្រូវចំពោះមុខច្បាប់ទៅវិញ ហើយសូមឱ្យបញ្ឈប់នូវរាល់សកម្មភាពប្រមូលផ្តុំខុសច្បាប់ផ្ទុយនឹងវិធានការសុខាភិបាលដែលអាចនាំឱ្យមានហានិភ័យចំពោះសុខភាពសាធារណៈ បង្កការឆ្លងរាលដាលទៅអ្នកដទៃ ញាតិមិត្ត ក្រុមគ្រួសារ និងសហគមន៍ ទោះក្នុងរូបភាពណាមួយក៏ដោយ និងត្រូវចូលរួមសហការជាចាំបាច់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាលដែលបានដាក់ចេញ ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត៕