(ភ្នំពេញ)៖ សាលាខណ្ឌបឹងកេងកង នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង និងលោកស្រី ស៊ិន រតនា អនុប្រធានអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង បានបន្តចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាព ចំនួន២៨គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នាឱកាសនោះលោក ធឹម សំអាន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះដែរ លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជន ទោះបីស្ថិតក្នុង ស្ថានភាពបែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅរសៀលនេះ គឺសម្តេចទាំងទ្វេរ នឹងមិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។

លោក ធឹម សំអាន បានលើកឡើងក្នុងន័យគិតគូរ អំពីសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ សូមអោយបងប្អូនបន្តចូលរួមអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា។

លោកស្រី ស៊ិន រតនា បានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង២៨គ្រួសារ នាពេលនេះ គឺក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ៣០គីឡូ , មី ចំនួន ១៥កញ្ចប់, ទឹកសុីអុីវ ០៥ដប, ជែល ១ដប, ម៉ាស ១កញ្ចប់ និងថវិកា ចំនួន២០០០០ម៉ឺនរៀល៕