(ភ្នំពេញ)៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអះអាងថា ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានចំនួនរហូតដល់៣០ភាគរយ ដែលលោកចាត់ទុកថានេះជាចំនួនដ៏ច្រើនមួយបើប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀត បើទោះជាពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ-១៩ក្តី។
ការលើកឡើងរបស់លោក W.Patrick Murphy ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា រួមមានការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បញ្ហាផ្សេងៗពាក់ព័ន្ធវិស័យការងារ និងកម្មវិធីជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (USAID) នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។
លោក W.Patrick Murphy បញ្ជាក់បន្ថែមថា កំណើនការនាំចេញផលិតផលវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ជាការសបញ្ជាក់ពីការសហការគ្នាយ៉ាងល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក បើទោះបីមានកិច្ចការងារមួយចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈមត្រូវការពេលវេលាដើម្បីជជែករកដំណោះស្រាយឲ្យបានសមរម្យជាមួយគ្នាបន្តទៀត។
ក្នុងជំនួបនេះដែរ លោក អ៉ិត សំហេង បានលើកឡើងថា នៅក្នុងអាណត្តិការទូតរបស់លោក W. Patrick Murphy បានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិក មានផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងភាពជាដៃគូរដែលនាំឱ្យមានការវិវត្តរីកចម្រើន និងដោះស្រាយនូវបញ្ហាប្រឈមនានាដែលជាកង្វល់របស់ភាគីពាក់ព័ន្ធ ដោយឈរលើស្មារតីរួមគ្នាក្នុងការលើកកម្ពស់សិទ្ធការងារ សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ អនុលោមតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារអន្តរជាតិ។
ទន្ទឹមនឹងនេះ ការបន្តយកចិត្តទុកដាក់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស តាមរយៈការជួញដូរកម្លាំងពលកម្ម ការលុបបំបាត់ពលកម្មកុមារ សុទ្ធតែទទួលបាននូវវឌ្ឍភាពគួរអោយកត់សម្គាល់ផងដែរ បើទោះនៅមានបញ្ហាប្រឈម និងបញ្ហាមួយចំនួនមិនទាន់បានសម្រេចគោលដៅ ក៏បានជំរុញការងារទាំងនេះប្រកបដោយស្មារតីទទួលខុសត្រូវ ធានាបាននូវការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ពលករទេសន្តរប្រវេសន៍ ការពារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬការរើសអើងនៅកន្លែងធ្វើការ ផ្តល់ជំនួយផ្នែកច្បាប់ និងសុខុមាលភាព ជួយដល់ពលករក្នុងការទទួលបានឯកសារផ្លូវច្បាប់ត្រឹមត្រូវ និងជួយដល់ពលករចំណាកស្រុកដែលមិនមានឯកសារ សម្របសម្រួលលទ្ធភាពទទួលបានរបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់នៃប្រទេសគោលដៅ។
ចំពោះបញ្ហាពលកម្មកុមារ ក្រុមអធិការកិច្ចការងារកំពុងខិតខំបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់សហគ្រាស សិប្បកម្ម និងអាណាព្យាបាលឱ្យយល់ច្បាស់ពីច្បាប់ និងលិខិតបទដ្ឋានដែលកំណត់អាចឱ្យប្រើប្រាស់កុមារលើប្រភេទការងារណា ហើយក្នុងលក្ខខណ្ឌបែបណា ទន្ទឹមនឹងនេះក៏បានអនុវត្តច្បាប់ចំពោះសហគ្រាស សិប្បកម្មដែលមិនអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមានផងដែរ ដើម្បីទប់ស្កាត់បាននូវការប្រើប្រាស់ពលកម្មកុមារ ហើយដកហូតកុមារចេញពីពលកម្មកុមារបានជាបន្តបន្ទាប់ ក្នុងគោលដៅឈានទៅសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តគ្មានពលកម្មកុមារនាឆ្នាំ២០២៥។
ភាគីទាំងពីរបានសម្ដែងនូវមោទកភាពចំពោះវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិទាំងនេះ ហើយបានឯកភាពគ្នាក្នុងការជំរុញនូវការងារទាំងនេះបន្តទៀត ទាំងការរួមគ្នាក្នុងការធ្វើឱ្យកាន់ប្រសើរឡើងនូវការអនុវត្តសិទ្ធសេរីភាព អង្គការវិជ្ជាជីវៈការរៀបចំឱ្យមានជាវេទិកាចែករំលែកបទពិសោធន៍ និងការសិក្សាសម្រួលដល់ការធ្វើឱ្យនីតិវិធីនានាកាន់តែងាយស្រួលក្នុងការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យការងារកាន់តែប្រសើរ។ ជាមួយនេះ ចំពោះគម្រោងរោងចក្រកាន់តែប្រសើរ ក្រសួងនឹងបន្តជំរុញឱ្យម្ចាស់រោងចក្រ សហគ្រាស ផ្នែកផលិតផលិតផលធ្វើដំណើរ និងកាបូប ចូលជាសមាជិកនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ហើយក្រសួងនឹងរៀបចំឱ្យមានជាអធិការកិច្ចរួមគ្នារវាងអធិការកិច្ចការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
ចំពោះករណីវិវាទការងារ ក្រសួងតែងតែខិតខំឱ្យអស់លទ្ធភាពក្នុងផ្សះផ្សា និងស្វែងរកដំណោះស្រាយតាមយន្តការចរចា ហើយតែងតែបន្តអំពាវនាវតាមការអញ្ជើញភាគីវិវាទចូលមកជួបចរចាដោះស្រាយដោយសន្តិវិធីស្របតាមនីតិវិធីច្បាប់ជាធរមាន ហើយក្រសួងរីករាយក្នុងការផ្តល់សេវាផ្នែកច្បាប់ជូនដល់ភាគីវិវាទ ដើម្បីធានាបាននូវការការពារតាមផ្លូវច្បាប់ ដែលកន្លងមកក្រសួងបាននិងកំពុងអនុវត្តកក្នុងការជួយគាំពារដល់បងប្អូនកម្មរនិយោជិត ជាពិសេសមេដឹកនាំសហជីព៕