(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យអាជ្ញាធរខេត្តនានា ធ្វើបច្ចុប្បន្នភាពរៀងរាល់ថ្ងៃលើរបាយការណ៍គ្រោះធម្មជាតិ ជាពិសេសករណីរលំបាក់ផ្ទះប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីងាយស្រួលក្តាប់សភាពការណ៍ និងជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងផលខូចខាត។
ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកម្តងទៀត មិនឱ្យមានអភិបាលខេត្តណាម្នាក់ឡើងមក រាជធានីភ្នំពេញដើម្បីប្រជុំនោះទេ ហើយអភិបាលខេត្តទាំងអស់ត្រូវ នៅឈរជើងតាមមូលដ្ឋាន ដើម្បីចាំជួយសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «រឿងនេះត្រូវធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ អត់មានថាមួយអាទិត្យធ្វើម្តងទេ អញ្ចឹងបានខ្ញុំទទួលបានរបាយការណ៍ពីអភិបាលខេត្តនានា គឺថាមិនចាំបាច់រាយការណ៍អ្វីច្រើនទេ ភ្លៀងកន្លែងណាអត់កន្លែងណា ស្ថានភាពដោះស្រាយទឹកបានប៉ុណ្ណា»។
លោក ចាន់ ចេស្ដា អភិបាលខេត្តកំពតទើបឡើងកាន់តំណែង ដែលបានលេចមុខ នៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ នៅថ្ងៃទីនេះ បានរងនូវការស្តីបន្ទោសពីសម្តេចតេជោ ហ៊ុន សែន រឿងដែលមិនបាននៅឈរជើងក្នុងខេត្តកំពត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំដែលមានគ្រោះមហន្តរាយធំមួយ ដែលក្នុងរង្វង់១០០ឆ្នាំមកនេះ គឺមិនទាន់មានគ្រោះមហន្តរាយបែបនេះកើតឡើង នៅក្នុងប្រទេសកម្ពុជានោះទេ ហើយឆ្នាំនេះ គឺជាឆ្នាំដែលបានផ្តល់មេរៀនធំណាស់សម្រាប់កម្ពុជា បន្ទាប់ពីគ្រោះទឹកជំនន់កាលពីឆ្នាំ២០០០។ សម្តេចថា គ្រោះទឹកជំនន់នៅឆ្នាំ២០០០ បានផ្តល់បទពិសោធន៍ឱ្យរាជរដ្ឋាភិបាល ធ្វើផ្លូវខ្ពស់ជាងទឹកជំនន់ឆ្នាំនោះ ហើយគ្រោះរាំងស្ងួតនៅឆ្នាំ២០១៦ ក៏តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវជីកអណ្តូង និងស្រះទឹកឱ្យជ្រៅជាងដង្ហើមទឹកឆ្នាំនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធនាការជីកអណ្តូងនឹងស្រះ ជូនប្រជាពលរដ្ឋ នឹងមិនទាន់បញ្ឈប់នោះទេ ដរាបណាប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់។ សម្តេចថា ខេត្តមួយចំនួនមានភ្លៀងធ្លាក់ ក៏ប៉ុន្តែមិនទាន់អាចប្រើប្រាស់បាននៅឡើយ៕