(ភ្នំពេញ)៖ ប្រជាជននៅលើពិភពលោកទាំងមូល ក៏ដូចប្រជាជនកម្ពុជាដែរបានឮ និងដឹងគ្រប់ៗគ្នាថា សង្គ្រាមបានកើតឡើងរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលមានអ្នករបួស និងស្លាប់ជាច្រើននាក់ ដោយប្រើកាំភ្លើងធំ និងការវាយប្រហារដោយកាំជ្រួច ថ្មើរជើង និងរថក្រោះផងដែរ។

ក្រៅពីការបាត់បង់ជីវិតមនុស្ស សង្រ្គាមមួយនេះ ក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរខាងផ្នែកសេដ្ឋកិច្ច ជាពិសេសការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនយ៉ាងដំណំ សំណង់អគារធំៗត្រូវឆេះដោយ គ្រប់កាំភ្លើង ប្រជាពលរដ្ឋទាំងសង្ខាងបានជម្លៀសខ្លួនទៅរកទីតាំងដែលមានសុវត្ថិភាព ប្រកបដោយភាពភ័យខ្លាច និងគ្រោះថ្នាក់បំផុត។

បើយើងងាកត្រឡប់ក្រោយមើលប្រទេសកម្ពុជាត្រឹមចុងទសវត្សរ៍ឆ្នាំ១៩៦០ គឺប្រជាពលរដ្ឋបានរងទុក្ខវេទនាឥតគណនាដោយសារតែវិបត្តិនៃភ្លើងសង្គ្រាម ទាំងសង្គ្រាមផ្ទៃក្នុង និងជាមួយប្រទេសក្បែរខាង។

សោកនាដកម្មនៃសង្គ្រាម បាននាំឱ្យប្រជាពលរដ្ឋឈានធ្លាក់ក្នុងភាពអពមង្គលនៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត, អៀង សារី, ខៀវ សំផន, នួន ជា ចាប់ពី១៧ មេសា ១៩៧៥ ដែលជាឃាតករដ៏ឃោរឃៅយង់ឃ្នង កាប់សម្លាប់ បំផ្លិចបំផ្លាញកម្ទេចចោលអស់នូវអ្វីៗដែលជាអត្តសញ្ញាណជាតិ អ្វីជាសមិទ្ធផលដែលបុព្វបុរសយើងបានខំកសាងបន្សល់ដោយញើសឈាមជាង ២០០០ឆ្នាំ មកហើយនោះ។

ក្នុងរបបវាលពិឃាតនេះប្រជាជនខ្មែរ ត្រូវក្រុមួកខ្មែរក្រហមជម្លៀសចេញពីផ្ទះសម្បែង ត្រូវគេធ្វើទារុណកម្មកាប់សម្លាប់បង្ខំឱ្យព្រាត់ប្រាស់បែកបាក់ក្រុមគ្រួសារ និងធ្វើការជាទម្ងន់ ហើយបានលុបបំបាត់អស់នូវសិទ្ធិសេរីភាព និងសិទ្ធិរស់រៀនមានជីវិត។ របប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាពលរដ្ឋស្គាល់តែទុក្ខវេទនា មិនដែលស្គាល់អ្វីទៅថាភាពសប្បាយរីករាយ។ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ បានរំដោះជីវិតប្រជាពលរដ្ឋខ្មែរចេញរបបដ៏សែនភ័យខ្លាច ឱ្យមានជីវិតជាថ្មីម្តងទៀត រួមទាំងសិទ្ធិសេរីភាព និងសិទ្ធិរស់រានឡើងវិញផងដែរ។

ប្រជាពលរដ្ឋកម្ពុជា ដែលបានធ្លាប់ហែលឆ្លងកាត់នូវភ្លើងសង្គ្រាម និងអ្នកដែលមិនទាន់បានភ្លក់រសជាតិនៃការឈឺចាប់ដោយសារសង្គ្រាម តែងតែខ្លាចរអារមិនចង់ឱ្យសង្គ្រាមកើតនៅលើទឹកដីខ្មែរសារជាថ្មីទៀតឡើយ បើទោះបីមានក្រុមជនអគតិមួយចំនួនបាននឹងកំពុងប្រើនូវផែនការ ក៏ដូចជាឧបាយកលទុច្ចរិតចង់អូសទាញប្រទេសជាតិឱ្យធ្លាក់ចូលទៅរកភាពវឹកវរ អស្ថេរភាព និងចូលក្នុងភ្លើងសង្គ្រាម ព្រោះតែមហិច្ឆតាចង់ដណ្តើមអំណាច។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំក៏មិនបណ្តែត បណ្តោយឱ្យក្រុមទំនើង និងក្រុមអាណាធិបតេយ្យទាំងនោះធ្វើអ្វីបានស្រេចតែអំពើចិត្តទេ ឧបាយកលដ៏ខ្មៅកក្វក់ទាំងអស់នោះ ត្រូវបានបរាជ័យយ៉ាងអម៉ាស់ជាបន្តបន្ទាប់ដោយកណ្តាប់ដែកតេជោ សែន។ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវការណាស់នូវសន្តិភាព ទំរ៉ាំមានសន្តិភាពដូចបច្ចុប្បន្ននេះវាមិនមែនជារឿងសមញ្ញាពេកនោះទេ សម្តេចបានចេញស្វែងរកការសង្គ្រោះជាតិដោយយកជីវិតធ្វើដើមទុន ដើម្បីប្តូរមកវិញនូវសន្តិភាពពេញលេញជូនប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សម្តេចបានរួមសុខរួមទុក្ខជាមួយគ្នាទាំងលំបាក ស៊ីអត់ស៊ីឃ្លានជាមួយគ្នា រហូតមកដល់ពេលនេះ តើយើងគួរបោះបង់ចោលសមិទ្ធផលនេះដែរ ឬទេ? ភាពសុខដុមរបស់កម្ពុជា នាពេលបច្ចុប្បន្ន គឺបានកើតចេញពីកម្ពុជាដោយខ្លួនឯង និងការលះបង់សាច់ស្រស់ ឈាមស្រស់ របស់អតីតយុទ្ធជនកម្ពុជា។

ប្រជាជនកម្ពុជាទូទាំងប្រទេសបានទទួលស្គាល់នូវស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងការកសាងបាននូវសុខសន្តិភាពពេញលេញ និងដ៏យូរអង្វែងនៅកម្ពុជា និងនៅក្នុងកិច្ចដំណើរការនៃការកសាង សន្តិភាពនៅប្រទេសកម្ពុជា។

សន្តិភាព មានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត សន្តិភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហិង្សា ឬភ្លើងសង្គ្រាម ទើបដឹងថាសន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ។

បទពិសោធន៍ផ្ទាល់ខ្លួនរបស់សម្តេច ដែលបានរីកធំធាត់ និងចម្រើនវឌ្ឍនាកា ដោយបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា។ សម្តេច ត្រូវបង្ហំចិត្តឈប់រៀននៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេសកម្ពុជា បាននឹងកំពុងបែកបាក់យ៉ាងខ្លាំង ហើយសង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។ ជីវិតកុមារភាព និងវ័យជំទង់របស់សម្តេច ដែលគួរតែទទួលបាននូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសមានសន្តិភាពនោះ ប៉ុន្តែ សម្តេចបែរជាជួបតែទុក្ខលំបាក និងការឈឺចាប់ទៅវិញ។

ចាប់ពីពេលនោះមក សម្តេចបានលះបង់ជីវិតដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជា ដោយត្រូវចំណាយពេលប្រមាណជិត ៣ទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិន្ត ដោយត្រូវស៊ូទ្រាំនឹងការលំបាកសព្វបែបយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ។ ជាក់ស្ដែងសម្តេច បានរងរបួស និងបានបាត់បង់ភ្នែកម្ខាង បន្ទាប់មកសម្តេចត្រូវបង្ខំចិត្តរត់គេចខ្លួនដោយថ្មើរជើងទៅកាន់ប្រទេសវៀតណាម ទាំងកណ្ដាលយប់ អាធ្រាត ដោយត្រូវដើរឆ្លងកាត់ចំការមីន និងឆ្លងកាត់ព្រំដែនដែលមានកងទ័ពជាច្រើន។ ជាងនេះទៅទៀត សម្តេចបានទុកចោលប្រពន្ធឱ្យនៅកណ្ដោចកណ្តែងដែលកំពុងមានផ្ទៃពោះនៅឯប្រទេសកម្ពុជា រហូតពេលជួបវិញ កូនហៅថាពូ។

ក្រោយមកទៀតនៅឆ្នាំ១៩៩៦ សម្តេច បានប្រថុយជីវិតរបស់ខ្លួនម្តងទៀត ដោយបានទៅចរចាដោយផ្ទាល់ និងបញ្ចុះបញ្ចូលកងកម្លាំងខ្មែរក្រហមនៅឯមូលដ្ឋានយោធារបស់ពួកគេឱ្យទម្លាក់អាវុធ និងចូលរួមជាមួយរាជរដ្ឋាភិបាលវិញ ក្រោមគោលនយោបាយឈ្នះឈ្នះ ដោយធានានូវអាយុជីវិត សិទ្ធិកាន់កាប់អចលនទ្រព្យ ឋានៈ និងមុខរបររបស់ពួកគេ។

គោលនយោបាយឈ្នះឈ្នះនេះ បានជំរុញឱ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។គោលនយោបាយឈ្នះឈ្នះនេះ ក៏បានអនុញ្ញាតផងដែរ ឱ្យរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ទាំងស្រុង ទៅលើការអភិវឌ្ឍជាតិ ខណៈដែលប្រជាជនកម្ពុជាទទួលបាននូវផលប្រយោជន៍ និងកាលានុវត្តភាពនានាពីសន្តិភាព និងការអភិវឌ្ឍ។ កម្ពុជារក្សាបាននូវសន្តិភាពរយៈពេលជាង ២០ឆ្នាំមកហើយ។

ជាមួយគ្នានេះ សម្តេចតេជោ ប្តេជ្ញាចិត្តថានឹងបន្តការពារ និងលើកស្ទួយសន្តិភាពបន្ថែមទៀត តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្តិភាព សម្តេចបានលើកឡើងថា «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»។ «សន្តិភាព គឺជាសកម្មភាពជាក់ស្ដែង មិនមែនជាក្តីសុបិនដែលស្រពេច ស្រពិលនោះទេ»

ជាងនេះទៅទៀត ទោះបីជាប្រទេសកម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ប្រកបដោយសុច្ឆន្ទៈ ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ រាជរដ្ឋាភិបាលក៏បានបង្កើតនូវពាក្យមួយឃ្លាថា «អរគុណសន្តិភាព» និងបានចងចាំពាក្យនេះក្នុងចិត្តគ្រប់ៗគ្នា។

សន្តិភាពនៅក្នុងតំបន់ និងពិភពលោករបស់យើងនៅតែមានភាពផុយស្រួយ និងស្ថិតក្រោមភាពតានតឹង ដោយសារបញ្ហារួមផ្សំដូចជា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ការកើនឡើងនៃគំនិតជាតិនិយម, អំពើភេរវកម្ម, ភាពក្រីក្រ និងអសន្តិសុខស្បៀង ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ១៩។

បញ្ហាទាំងនេះ អាចនឹងបំផ្លិចបំផ្លាញវឌ្ឍនភាពរបស់មនុស្ស និងជាតិសាសន៍ទាំងមូលបាន ប្រសិនបើយើងទាំងអស់គ្នាមិនរួមគ្នាដោះស្រាយ និងការពារ។ ការលើកកម្ពស់សន្តិភាព គឺជាការចាំបាច់សម្រាប់យើងនាពេលបច្ចុប្បន្ន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ យើងត្រូវរួមគ្នា «អភិវឌ្ឍពិភពលោកឱ្យកាន់តែស្រស់បំព្រង សម្រាប់មនុស្សជំនាន់ក្រោយ» និងរួមគ្នាថែរក្សាសន្តិភាព ជាមួយប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ឱ្យនៅស្ថិតស្ថេរគង់វង់យូរអង្វែង៕

ដោយអនុបណ្ឌិត រស់ សាវី