(កំពង់ចាម)៖ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩ ក្នុងគោលបំណងដើម្បីឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងផ្ដល់ឱកាសក្នុងការពិភាក្សា និងការជជែកវែកញែកពិចារណានូវអ្វីដែលខ្លួនបានដឹង និងធ្លាប់បានរៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហមកន្លងមក។

វេទិកាថ្នាក់រៀននេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដោយមានការចូលរួមពីសិស្សានុសិស្សសរុបចំនួន២០នាក់ មកពីវិទ្យាល័យតាមាង វិទ្យាល័យពាមជីគង និងវិទ្យាល័យព្រះសីហនុ។

ដើម្បីសម្រេចគោលបំណងនេះ ក្រុមការងារ និងអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំកម្មវិធីមួយចំនួនបន្ថែមទៀត រួមមាន ការបង្ហាញពិព័រណ៍អចិន្រ្តៃយ៍អំពីមេដឹកនាំខ្មែរក្រហម និងការជម្លៀសប្រជាជនពីទីក្រុងភ្នំពេញ និងពិព័រណ៍រូបថតអំពីរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសកម្មភាពការងាររបស់ស្ម័គ្រចិត្តកម្ពុជាចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមូលដ្ឋាន ការធ្វើបទបង្ហាញទៅលើប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ការចាក់បញ្ចាំងវីដេអូឯកសារអំពីរបបខ្មែរក្រហម និងការចែកសៀវភៅស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២។

លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានលើកឡើងអំពីសារសំខាន់នៃការសិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងការបង្កើតឡើងនូវមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលមានតម្កល់ឯកសារយ៉ាងសម្បូរបែបទាក់ទងរបបខ្មែរក្រហម និងផ្ដល់កម្មវិធីអប់រំប្រវត្តិសាស្រ្តខ្មែរក្រហម។

លោកគ្រូ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានធ្វើបទបង្ហាញទៅលើប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងលើកសំណួរចំនួន៣ ដើម្បីបញ្ជ្រាបការយល់ដឹងរបស់សិស្សអំពីរបបខ្មែរក្រហម។ បន្ទាប់ពីទទួលបានចម្លើយផ្សេងៗពីសិស្ស លោកគ្រូ រ៉ាស៊ី បានពន្យល់អំពីរចនាសម្ព័ន្ធរបស់ខ្មែរក្រហម និងគោលនយោបាយដែលមានស្រាប់នៅក្នុងបទបង្ហាញ និងឯកសាររូបថតនៅលើផ្ទាំងស្លាយ។ សិស្សានុសិស្សទាំងអស់ស្តាប់និងកត់ត្រាយ៉ាងយកចិត្តទុកដាក់លើបទបង្ហាញរបស់វាគ្មិន។

លោកគ្រូ រ៉ាស៊ី បានចាក់បញ្ចាំងវីដេអូឯកសារដែលមានចំណងជើងថា «កុមារកម្ពុជា»។ វីដេអូឯកសារនេះត្រូវបានថតភ្លាមៗបន្ទាប់ពីឆ្នាំ១៩៧៩ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពកុមារក្នុងប្រទេសកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។

បន្ទាប់ពីបទបង្ហាញបានបញ្ចប់ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមចែកសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតយ្យ (ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩) បោះពុម្ពលើកទី២ ដល់សិស្សានុសិស្សដើម្បីអាន និងសិក្សាឈ្វេងយល់បន្ថែមទៀត។

យុវតី ហុក លក្ខិណា ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យតាមាង បានរៀបរាប់ថា រូបគេបានដឹងខ្លះៗអំពីរបបខ្មែរក្រហមតាមរយៈការសិក្សានៅសាលា។ បន្ទាប់ពីការចូលរួមវេទិកាថ្នាក់រៀននេះ លក្ខិណា ទទួលបានចំណេះដឹងជាច្រើនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រធិបតេយ្យ និងការបញ្ឈប់ការរើសអើងពូជសាសន៍។ លក្ខិណា បានបញ្ជាក់ទៀតថា «ការការពារកុំឲ្យកើតឡើងអំពើហិង្សា និងអំពើប្រល័យពូជសាសន៍ គឺមានសារសំខាន់ណាស់ ដើម្បីរក្សាសន្តិភាពសង្គម និងប្រទេស»

យុវតី អាន ស្រីជូ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យតាមាង ក៏ទទួលបានយល់ដឹងបន្ថែមអំពីរបបកម្ពុជាប្រជាធិបតេយ្យ និងកាន់តែយល់ច្បាស់ពីនិយមន័យរបស់អំពើប្រល័យពូជសាសន៍។ យុវតីរូបនេះបានលើកឡើងថា របបប្រល័យពូជសាសន៍បំផ្លិចបំផ្លាញសង្គមជាតិខ្មែរឲ្យធ្លាក់ដុនដាប។ ចំណាប់អារម្មណ៍របស់ស្រីជូ គឺការការពារអំពើប្រល័យពូជសាសន៍កុំឲ្យកើតឡើងគឺពិតជាមានសំខាន់ខ្លាំងណាស់។

យុវជន ហែល លាងហុង ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះសីហនុ បានចែករំលែកអំពីចំណេះដឹងដែលខ្លួនទទួលបាននៅក្នុងវេទិកាថ្នាក់រៀននេះថា ខ្លួនគេបានយល់ដឹងបន្ថែមអំពីរបបខ្មែរក្រហម និងមិនចង់ឲ្យប្រទេសកម្ពុជាមានស្ថានភាពដូចពេលនោះទៀតទ្បើយ។ បានឃើញអំពីរាល់សកម្មភាពនៃការលប់បំបាត់វណ្ណៈ ភាពគ្មានសិទ្ធិសេរីភាព ការហូបបាយរួម ការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម ចេញពីការធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងការដាក់តាំងពិព័រណ៍រូបថតអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លាងហុង បានបន្តថា ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ រូបគេពេញចិត្តចំពោះសន្តិភាពនាពេលបច្ចុប្បន្ន និងមិនចង់ឃើញសង្គ្រាម ហើយនឹងខិតខំរៀនសូត្រដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ។

យុវជន ម៉ន សុចិត្រា ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីចូលរួមវេទិកាថ្នាក់រៀននេះថា រូបគេទទួលបានចំណេះបន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងយល់ច្បាស់ពីផលប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិ ដែលត្រូវបានបំផ្លិចបំផ្លាញដោយរបបនេះ។ ចិត្រា ក៏បានយល់ដឹងអំពីវិធីសាស្រ្តក្នុងការការពារកុំឲ្យអំពើប្រល័យពូជសាសន៍កើតឡើង តាមរយៈការបញ្ឈប់ការរើសអើង និងការទប់ស្កាត់អំពើហិង្សា។ សិស្សរូបនេះបានសន្យាថានឹងចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងចូលរួមផ្សព្វផ្សាយបន្ថែមទៀតនៅក្នុងថ្នាក់រៀន និងភូមិរបស់ខ្លួន៕