(រតនគិរី)៖ តម្លៃគ្រាប់ស្វាយចន្ទីរពូជក្នុង១គីឡូក្រាម ៤៨០០-៥០០០រៀល និងគ្រាប់ស្វាយចន្ទីរធម្មតាតម្លៃ ៤៤០០-៤៥០០រៀល ខណៈផ្ទៃដីដាំស្វាយចន្ទីរមានជាង៤ម៉ឺនហិកតា ក្នុងឆ្នាំ២០២២នេះ។ នេះជាការបញ្ជាក់ពីលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដែលបានប្រាប់ភ្នាក់ងារ Fresh News នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោក សយ សូណា បានបន្តថា នៅពេលប្រមូលផលដំបូងក្នុងឆ្នាំនេះតម្លៃសមរម្យបើធៀបនឹងឆ្នាំ២០២១ គឺប្រហាក់ប្រហែលគ្នា។ ឈ្មួញបាននិងកំពុងប្រមូលទិញនៅខេត្តរតនគិរី ដើម្បីនាំចេញទៅប្រទេសវៀតណាម ប៉ុន្តែខាងទីផ្សារប្រទេសវៀតណាមបានប៉ុន្មានមិនដឹងទេ។

លោកថា ទោះបីកន្លងទៅនេះអាកាសធាតុមានការប្រែប្រួលច្រើនបន្តិចមែន តែវាមិនធ្វើឲ្យប៉ះពាល់ខូចខាតផលចន្ទីរជាទូទៅនោះទេ មានកន្លែងខ្លះបានជ្រុះផ្កាអស់លើកទី១ តែវាបានល្អវិញនៅផ្កាលើកទី២ ដោយសារភាគច្រើនស្វាយចន្ទីរសព្វថ្ងៃជាពូជថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ។

លោកបញ្ជាក់ឲ្យដឹងទៀតថា ដំណាំស្វាយចន្ទីរអាចប្រមូលផលបានក្នុងខេត្តរតនគិរី នៅឆ្នាំ២០២២ លើផ្ទៃដីជាង១ម៉ឺនហិកតានៃផ្ទៃដីដំណាំនេះសរុបជាង៤ម៉ឺនហិកតា។ ផ្ទៃដីដាំស្វាយចន្ទីរនៅខេត្តរតនគិរីក្នុង១ឆ្នាំ កើនឡើង ៤,០០០-៦,០០០ហិកតា។ កសិករដាំពូជថ្មីឆាប់បានផលដោយក្នុង១ហិកតាជាមធ្យមទទួលបានទិន្នផល១តោន និងតម្លៃក្នុង១គីឡូក្រាមចាប់ពី៤,០០០រៀលឡើង។

តាមការរំពឹងទុក ក្នុងឆ្នាំ២០២២នេះអាចប្រមូលផលបានលើសពី១ម៉ឺនតោន។ ទោះយ៉ាងណាក្តី តម្លៃស្វាយចន្ទីរអាចមានតម្លៃថោកជាងឆ្នាំ២០២១កន្លងទៅ ដោយសារតម្លៃប្រេងមានការកើនឡើងជាលំដាប់៕