(ភ្នំពេញ)៖ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានបន្តនាំយកសៀវភៅ និងថវិកាលោក យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ មកឧបត្ថម្ភដល់មេភូមិ មេប៉ុស្តិ៍ នារីសង្កាត់ នារីជានគរបាលប៉ុស្តិ៍ និងអ្នកគ្រូក្នុងមូលដ្ឋាន សរុបប្រមាណជា១២១នាក់ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍។

សកម្មភាពបន្តផ្ដល់វត្ថុអនុស្សាវរីយ៍ដល់មន្ត្រីក្រោមឱវាទ របស់លោក យឹម លាង តាមរយៈលោក ជុំ បាយ័នវិបុល និងលោក ឯក ឃុនដឿន នេះបានរៀបចំធ្វើឡើង បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល និងអបអរសាទរខួបទី១១១ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដេីម្បីចីរភាពនាពេលអនាគត» ដោយមានការចូលរួមពីលោកស្រី សួស សូលីដា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ, លោកស្រី រាជ ផាវឿន ចៅសង្កាត់, ចៅសង្កាត់រង និងលោក-លោកស្រីជាសមាជិកាក្រុមប្រឹក្សាខណ្ឌ និងប្រធានការិយាល័យអប់រំខណ្ឌផងដែរ ដែលបានរៀបចំឡើងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

ថ្នាក់ដឹកនាំខណ្ឌទាំង២ នៅក្នុងកម្មវិធីអបអរសាទរខួបទី១១១ ទិវានារីអន្តរជាតិ ៨មីនា បានលើកទឹកចិត្ត និងផ្តល់ឱកាសទូលាយចំពោះស្រ្តីអោយចូលរួមការងារសង្គម នយោបាយ និងពាណិជ្ជកម្មជាដើម។ ស្រ្តីជាច្រើនបានកំពុងកាន់តួនាទីជាអ្នកសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ រាជរដ្ឋាភិបាលបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និងសង្គម គ្រួសារ និងសង្គមមិនអាចខ្វះស្ត្រីបានឡើយ។

បន្ថែមពីនេះ ថ្នាក់ដឹកនាំខណ្ឌលោកក៏បានក្រើនរំលឹកឲ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំងពីមត្តេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឲ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់មិនឲ្យមានអំពើហិង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និងឲ្យមានការអនុវត្តឲ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ។

សូមជម្រាបថា សម្រាប់មេភូមិ មេប៉ុស្តិ៍ នារីសង្កាត់ នារីជានគរបាលប៉ុស្តិ៍ និងអ្នកគ្រូក្នុងមូលដ្ឋាន សរុបជាប្រមាណ១២១នាក់ ដែលទទួលបានវត្ថុអនុស្សាវរីយ៍ នៅក្នុងកម្មវិធីសំណេះសំណាល និងអបអរសាទរខួបទី១១១ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដេីម្បីចីរភាពនាពេលអនាគត» គឺក្នុងម្នាក់ៗទទួលបានក្រណាត់សំពត់១ដុំ សៀវភៅ១ក្បាល និងថវិកាចំនួន៣០,០០០រៀល ដោយក្នុងនោះលោក យឹម លាង បានឧបត្ថម្ភ ម្នាក់ៗ១០,០០០រៀល និងលោក ឯក ឃុនដឿន ឧបត្ថម្ភក្រណាត់សំពត់១២១ដុំ សៀវភៅ ១២១ក្បាល និងថវិកាក្នុងម្នាក់២០,០០០រៀល៕