(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានថ្លែងបញ្ជាក់ថា ការធ្វើស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អនុវត្តបានលើផ្ទៃដីសរុបចំនួន ១១៨,៥៨២ហិកតា ស្មើនឹង១៥៨.១១% នៃផែនការ ៧៥,០០០ហិកតា ធៀបនឹងឆ្នាំ២០២១ បានកើនឡើងជាង ៧ ៣០៣ ហិកតា។

លោក អ៊ុក សំណាង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះទៀតថា ចំពោះការងារប្រមូលផលដំណាំស្រូវរដូវប្រាំង គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាកសិករ បានប្រមូលផលសរុប ៥១ ៧៥១ហិកតា ស្មើនឹង៤៣.៦៤% នៃផ្ទៃដីអនុវត្តបាន ១១ ៨៥៨២ហិកតា។ បរិមាណផលសរុប ២៥០ ៥៤៥តោន និងទិន្នផលមធ្យម ៤.៨៤តោន/ហិកតា។

ចំពោះការនាំចេញស្រូវ បរិមាណនាំចេញស្រូវក្រៅផ្លូវការគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សរុបមានចំនួន ២៩៤ ៦៩៤តោន ស្មើនឹង៦១ ៩៦៩ ៧២៤ដុល្លារ។ ដោយឡែកក្នុងសប្តាហ៍នេះសរុបមានចំនួន ៥៣, ៦២៦តោន ស្មើនឹង ១១,១២០,៩៣០ដុល្លារ។ មានប្រភេទស្រូវ IR50404 មានតម្លៃ ៨៥០/គីឡូក្រាម និងប្រភេទស្រូវ OM5451 មានតម្លៃ ៨៦០ក្នុងមួយគីឡូក្រាម។

លោក អ៊ុក សំណាង បានបន្ថែមថា មិនត្រឹមតែដាំដុះស្រូវប៉ុណ្ណោះទេ ក្នុងនោះដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវប្រាំង គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ មាន ពោត ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុបចំនួន ១ ២៨១ហិកតា ស្មើនឹង ១៦២.១៥%នៃផែនការ ៧៩០ហិកតា។ ផ្ទៃដីប្រមូលផលសរុប ៥៨៦ហិកតា ដោយទទួលបាន បរិមាណផលសរុប៨ ៧៩០តោន។

ចំពោះដំណាំឧស្សាហកម្មមាន ពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ និងឈូក សម្រេចបាន លើផ្ទៃដី សរុប ចំនួន៣៧៣៦ហិកតា ស្មើនឹង៧៣.១៨%នៃផែនការ ៥ ១០៥ហិកតា។ ផ្ទៃដីប្រមូលផលសរុប២៧៧ហិកតា ដោយទទួលបានបរិមាណផលសរុប៣ ៤៤៣តោន៕