(សំបុក-ចិត្របុរី)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះទៅជួបសំណេះសំណាលជាមួយមន្រ្តីនៅមូលដ្ឋានក្នុងស្រុកចិត្របុរី ដើម្បីពិនិត្យ លទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។
ពិធីនេះបានប្រព្រឹត្តទៅនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិកគណបក្សខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារខេត្តចុះជួយឃុំទាំង១០ក្នុងស្រុក ប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ មេឃុំ បេក្ខជនមេឃុំ គណៈកម្មាធិការសាខាបក្សភូមិទាំង៨ ក្នុងឃុំសំបុក ប្រធានក្រុមបក្សភូមិ មន្រ្តីមូលដ្ឋានសរុបចំនួនប្រមាណជាង ៤០០នាក់ ។
បន្ទាប់ពីលោក យិន វណ្ណៈ ប្រធានគណបក្សស្រុក និងជាអភិបាលស្រុក បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំពីវឌ្ឍនភាពនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នាតនាពេលខាងមុខរួចមក លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិកោតសរសើរលើកទឹកចិត្តដល់កំលាំងសរុបរបស់មន្រ្តីមូលដ្ឋានយើងគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវរាល់ភារកិច្ចនយោបាយសំខាន់ៗក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងប្រក្រតីភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាម ភូមិ ឃុំ ដោយខិតខំពុះពារឆ្លងកាត់ការលំបាក និងដោះស្រាយផលប៉ះពាល់ទាំងឡាយដែលបង្កឡើងដោយជំងឺកូវីដ-១៩។
លោករដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងរំលឹកដោយធ្វើការសង្កត់ធ្ងន់ពីទិសដៅការងារចំពោះមុខសំខាន់បំផុត ដែលយើងទាំងអស់គ្នាត្រូវពុះពារសំរេចឱ្យខាងតែបាននូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់ គណបក្សយើងគឺ «រក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នាពេលដ៏ខ្លីខាងមុខ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣» ។
ដើម្បីប្ដូរផ្ដាច់សម្រេចគោលដៅចំបងបំផុតនេះក្នុងការរស់នៅ និងបំពេញការងារ រក្សាប្រក្រតីភាពថ្មីនៃបរិបទនៃជំងឺកូវីដ-១៩ យើងទាំងអស់គ្នាត្រូវប្រមូលផ្ដុំយកចិត្តទុកដាក់ជំរុញកិច្ចការសំខាន់ៗបីយ៉ាងដូចខាងក្រោម៖
១៖ ត្រូវច្បាមជាប់មូលដ្ឋានភូមិឃុំ ដើម្បីផ្សារភ្ជាប់ជាប្រចាំជាមួយសមាជិកតាមក្រុមបក្ស និងគ្រួសារបក្សនីមួយៗ រួមទាំងប្រជាពលរដ្ឋជាទូទៅក្នុងសហគមន៍ សំដៅពង្រឹងជំនឿជឿជាក់ជានិច្ចលើសុខសន្តិភាព និងការ ដឹកនាំនៃរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនសំរាប់អនាគតយូរអង្វែង។
២៖ ត្រូវពុះពារបំរើសេវាសាធារណៈឱ្យបានល្អជូនប្រជាជនដោយផ្ទាល់ តាមរយៈសកម្មភាពការងារផុលផុសបន្តចូលរួមចលនាជាតិប្រយុទ្ធទប់ស្ដាត់ គ្រប់គ្រង និង ដោះស្រាយរាល់ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដោយប្តេជ្ញាយ៉ាងពេញទំហឹងប្រែក្លាយការបំពេញភារកិច្ចនយោបាយនេះ ឱ្យទៅជាឱកាសជំរុញ សកម្មភាពជាក់ស្តែង ធ្វើអំពើល្អសព្វបែបយ៉ាងបំរើប្រជាជន ឈឺឆ្អាល ជួយយកអាសាដោះទុក្ខធុរៈរបស់ប្រជាជន ដើម្បីរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
៣៖ ត្រូវធ្វើជាស្នូលឱ្យកំលាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន គ្រប់សហគមន៍ ដើម្បីពង្រឹង និងពង្រីកប្រៀបឈ្នះរបស់គណបក្សប្រជាជន សំរាប់ការបោះឆ្នាតមូលដ្ឋានឆ្នាំ២០២២ និងការ បោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ៕