(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែឧសភានេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចេញលិខិតថ្កោលទោសចំពោះអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជុំវិញការចាប់ខ្លួនមន្រ្តីសមាគមអាដហុក, មន្រ្តី គ.ជ.ប និងចាប់មន្រ្តីរបស់ខ្លួន ដោយឲ្យទម្លាក់ការចោទប្រកាន់ជាបន្ទាន់នៅលើទង្វើនេះ ប៉ុន្តែករណីត្រូវបានមន្រ្តីរាជរាជរដ្ឋាភិបាលឆ្លើយតបវិញ ដោយស្នើសុំឲ្យគោរពស្ថាប័នឯករាជ្យ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា សកម្មភាពរបស់ ACU និងតុលាការ គឺជាការគោរពស្ថាប័នឯករាជ្យ សូមឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ គោរពនូវស្ថាប័នប្រជាធិបតេយ្យ នៃអំណាចទាំងបី គឺអំណាចនីតិបញ្ញាត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ។ លោកបន្ថែមទៀតថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ដែលថ្កោលទោស ស្ថាប័ន ACU គឺជាការបង្កឲ្យមានភាពរាំងស្ទះដល់ស្ថាប័ន និងជាការមិនគោរពលទ្ធិប្រជាធិបតេយ្យ របស់ស្ថាប័នឯករាជ្យ។

ការអះអាងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើឡើងក្រោយពី ក្រុមសមាជិកសភា គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោល ទោសចំពោះសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទៅលើមេឃុំមកពីគណបក្សសម រង្ស៊ី និងទៅលមន្រ្តីនៃអង្គការសិទ្ធិមនុស្សមួយចំនួន​ រួមទាំងមន្រ្តី គ.ជ.ប និងចុងក្រោយនេះ គឺទៅលើមន្រ្តីគណបក្សសង្រ្គោះជាតិ។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានស្នើឲ្យតុលាការទម្លាក់បទចោទនេះ ចោលជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕