(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានព្រមានធ្ងន់ៗដល់ជនមួយក្ដាប់តូច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ឱ្យបញ្ឈប់រាល់សកម្មភាពយកសម្ភារផ្សេងៗគប់ ប្រើពាក្យសម្ដីជេរប្រមាថ និងធ្វើសកម្មភាពញុះញង់ រារាំង ហើយប្រើហិង្សាជាបន្ទាន់មកលើកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច ហើយឆាប់ងាកមកចូលរួមក្នុងការអនុវត្តច្បាប់ បើក្នុងករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះអនុវត្តវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ កំឡុងពេលអនុវត្តវិធានការមានជនមួយក្ដាប់តូច បានធ្វើសកម្មភាពញុះញង់ និងរារាំងកម្លាំងសមត្ថកិច្ច ដោយប្រើហិង្សា និងយកសម្ភារផ្សេងៗគប់ ព្រមទាំងប្រើពាក្យសំដីជេរប្រមាថមកលើមន្ត្រី កងកម្លាំងដែលកំពុងបំពេញភារកិច្ច។

យុទ្ធនាការនេះ បានធ្វើឡើងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យរៀបចំសណ្ដាប់ធ្នាប់សាធារណៈទូទាំងរាជធានីភ្នំពេញ និងតាមសេចក្ដីណែនាំនានា ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវ សាធារណៈទាំងអស់ និងយោងស្មារតីអង្គប្រជុំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការឈានទៅរកការរក្សាបានសណ្ដាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងតម្រង់ទិសការប្រើប្រាស់ចិញ្ចើមផ្លូវឱ្យចំទិសដៅសម្រាប់ប្រយោជន៍សាធារណៈ ដើម្បីកាត់បន្ថយបានការកកស្ទះចរាចរណ៍ និងធ្វើឱ្យមានអនាម័យ បរិស្ថានល្អ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ដោយឡែកផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ក៏ជាអទិភាពមួយខ្សែក្នុងចំណោមផ្លូវអទិភាពទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំឱ្យរៀបចំសណ្ដាប់ធ្នាប់ផងដែរ។

លើសពីនេះទៅទៀត រដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់ទៀតថា នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ជនមួយចំនួនដដែលនោះ នៅតែបង្កើនសកម្មភាពញុះញង់ និងរារាំងខ្លាំងជាងមុន ដោយអ្នកខ្លះបានគប់ផ្លែឈើ និងជេរប្រមាថធ្ងន់ៗមកលើមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងបានយកសម្ភារផ្សេងៗមកគរបិទកំណាត់ផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ធ្វើឱ្យកកស្ទះ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរថែមទៀតផង ក្រោយពីរដ្ឋបាលខណ្ឌ បានអនុវត្តវិធានការអប់រំ តាមរយៈចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារ និងផ្សព្វផ្សាយគ្រប់មធ្យោបាយតម្រូវឱ្យបងប្អូនចូលរួមជាមួយអាជ្ញាធរនៅក្នុងការអនុវត្តរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) នេះ។ ផ្ទុយទៅវិញ បងប្អូនអាជីវករមួយចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអនាធិបតេយ្យលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវដដែល ដូច្នេះរដ្ឋបាលខណ្ឌ គ្មានជម្រើសផ្សេង ក្រៅពីការអនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលទាំងឡាយ ដែលមិនអនុវត្តតាមសេចក្ដីជូនដំណឹងនានា របស់រដ្ឋបាលខណ្ឌ ដែលបានដាក់ចេញកន្លងមក។

ក្នុងន័យនេះរដ្ឋបាលខណ្ឌ សូមជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ពិសេសជនដែលបានប្រើហិង្សាកន្លងមក សូមបញ្ឈប់សកម្មភាពបង្កការញុះញង់បង្កើតជាបទល្មើសជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអាជ្ញាធរ មានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់។ បើក្នុងការណីនៅតែបន្តសកម្មភាពតទៅទៀត រដ្ឋបាលខណ្ឌនិងចាត់វិធានការតាមផ្លូវច្បាប់ និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់។ រដ្ឋបាលខណ្ឌ ជឿជាក់យ៉ាងមុតមាំថា បុគ្គលដែលមានការពាក់ព័ន្ធនឹងចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់៕