(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ក្នុងចំណោមគ្នា៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឪឡោក និងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល ព្រមទាំងប្រជាពលរដ្ឋឃាត់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបាននារីរងគ្រោះស្រែកថាចោរៗ ពេលនោះជនសង្ស័យបានដួលម៉ូតូទើបអស់លក្ខណ៍បែបនេះ។

អំពើឆក់កាបូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវក្នុងភូមិជ័យជំនះ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នគរបាលបាននិយាយថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានរួមមាន៖

*ទី១៖ ឈ្មោះ អុល រ៉ូហ្សា អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
*ទី២៖ ឈ្មោះ លី ឆវ័ន្ត អាយុ១៨ឆ្នាំ
*ទី៣៖ ឈ្មោះ ងួន តូនី ហៅ សាន់ នី អាយុ១៨ឆ្នាំ មានទីលំនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកបក្ខពួកដែលកំពុងរត់គេចខ្លួនឈ្មោះតុង ឃី ហៅ លុច អាយុ១៧ឆ្នាំ។ ក្រុមជនសង្ស័យបានធ្វើសកម្មភាព ឆក់កាបូបពីស្រ្តីរងគ្រោះមានឈ្មោះ អ៊ុន នារី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទំលំនៅភូមិស្ដុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។

នគរបាលបានប្រាប់ទៀតថា នៅមុនពេលកើតហេតុរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IR-7257 ដោយឌុបកូន២នាក់ និងស្ពាយកាបូប១ដែលនៅក្នុងកាបូបនោះមានលុយចំនួន៨ម៉ឺនរៀល និង៥០ដុល្លារ ប័ណ្ណចាក់វ៉ាក់សាំង១សន្លឹក អត្តសញ្ញាណប័ណ្ណ១សន្លឹក និងប័ណ្ណ ប.ស.ស ១សន្លឹក។

ស្រ្តីរងគ្រោះបានធ្វើដំណើរចេញពីផ្ទះទៅដឹកប្ដីធ្វើការនៅសង្កាត់កំបូល ខណ្ឌកំបូល។ ពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ត្រូវក្រុមជនសង្ស័យឆក់កាបូបបានសម្រេចជិះម៉ូតូគេចខ្លួន តែត្រូវបានជនរងគ្រោះបស្រែកថា «ចោរៗ» បង្កការភ្ញាក់ផ្អើល។

នគរបាលរូបនោះបានឲ្យដឹងទៀតថា លុះពេលទៅដល់ត្រង់ចំណុចផ្លូវកោង ដោយជិះលឿនពេកជនសង្ស័យ២នាក់ឈ្មោះ អុល រ៉ូហ្សា និងលី ឆវ័ន្ត បានដួលម៉ូតូហើយត្រូវនគរបាល និងប្រជាពលរដ្ឋចាប់បានភ្លាមៗ និងដកហូតម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ពាក់ស្លាកលេខកំពង់ឆ្នាំង 1K-6401។ ចំណែក២នាក់ទៀតឈ្មោះ ងួន តូនី ហៅ សាន់នី និងឈ្មោះតុង ឃី ហៅលុច ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីស៊េរីឆ្នាំ២០២១ បានគេចខ្លួនបាត់ដោយសុវត្ថិភាព។

លុះដល់ថ្ងៃទី៦ ខែមីនា ទើបកម្លាំងនគរបាលប៉ុស្តិ៍ឪឡោក និងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលឃាត់ខ្លួនឈ្មោះងួន តូនី ហៅ សាន់នី បានម្នាក់ទៀត រីឯជនសង្ស័យឈ្មោះតុង ឃី ហៅលុច បាននិងកំពុងបន្តគេចខ្លួន៕