(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអបអសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្រោមវត្តមានលោក សុខ លូ អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ មន្ទីរនានាជុំវិញខេត្តមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តជានារីជាច្រើនរូបចូលរួមផងដែរ។

ថ្លែងសំណេះសំណាលនៅក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្តល់វត្ថុអនុស្សារីយ៍ជូនដល់មន្ត្រីរាជការជានារី ក្នុងជួររចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង ដើម្បីអបអសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»

លោក សុខ លូ បញ្ជាក់ថា ស្ត្រីត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកតម្តើនស្រ្តីឲ្យមានសមត្ថភាពនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងវិស័យកាងារឯកជន ជាពិសេស បានផ្តល់ឱកាសដល់មន្ត្រីរាជការ ជាស្ត្រី ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលកាន់មុខតំណែង មានភាពស្មើរគ្នានឹងបុរសដែរ។ កន្លងមកប្រមុខរាជរដ្ឋាភិបាល និងដៃគូរនានាកំពុងយកចិត្តទុកដាក់ក្នុងការការពារស្ត្រី និងកុមារ តាមរយៈកម្មវិធីជាច្រើន ដូចជា ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងទៀតគ្រប់ប្រភេទ។

លោកបានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បន្តរួមគ្នាដើម្បីពង្រឹងផ្សព្វផ្សាយឲ្យអស់លទ្ធភាពនូវវិធានការច្បាប់ ផ្សព្វផ្សាយឲ្យបានច្រើន ធ្វើយ៉ាងណាត្រូវកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារនៅក្នុង មូលដ្ឋាន ហើយអំពើហិង្សានេះធ្វើឲ្យប៉ះពាល់ដល់ស្ត្រី និងកុមារ បាត់បង់ការសិក្សារៀនសូត្រផងដែរ។

ជាមួយគ្នានេះ លោកបានអបអរសាទរទិវានេះដល់ស្ត្រីគ្រប់រូបនិងអំពាវនាវដល់បងប្អូនដល់ប្រជាពលរដ្ឋចូលរួមចាក់សាំងការពារជម្ងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ដោយអនុវត្ត៣កុំ៣ការ
ពារជានិច្ច។ ជាកិច្ចបញ្ចប់ថ្នាក់ដឹកនាំ ក៏បានផ្តល់ស្នាមញញឹមជាមួយភរិយា និងជូនកម្រងផ្កាដល់ថ្នាក់ដឹកនាំនានា ជានារីនៅ តាមអង្គភាពនានាមួយចំនួនផងដែរ៕