(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ មានការអញ្ជើញជាអធិបតី ដោយលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប។ ពិធីបានប្រារព្ធធ្វើនៅសាលសន្និសិទ្ធ សណ្ឋាគារសុខាសៀមរាមរយៈពេល២ថ្ងៃ នៅថ្ងៃទី៧ និង៨ ខែមីនា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្តបានខកខានការរៀបចំពិធីបូកសរុបការងារនេះ កាលពីឆ្នាំកន្លងទៅ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយប្រកបដោយ ចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំ នូវផែនការយុទ្ធ សាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ។

លោកអភិបាលខេត្ត បានបន្តទៀតថា អង្គសន្និបាតនេះដែរ នឹងទទួលបាននូវធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលខេត្តបានរៀបចំឲ្យមានប្រធានបទពិភាក្សាតាមក្រុម សំខាន់ផ្តោតលើក វិធានការទប់ស្កាត់បទល្មើស ការរុករានទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិបឹងទន្លេសាប តំបន់ព្រៃឈើ បញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវារដ្ឋបាលនៅតាមថ្នាក់ឃុំសង្កាត់។ មួយវិញទៀតបានផ្ដោតសំខាន់ទៅលើលទ្ធភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងស្ថាប័នទទួលខុសត្រូវ ព្រមទាំងពិភាក្សាបន្ថែមលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តទទួលបានជោគជ័យផងដែរ។

ដោយឡែកការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តមានកិច្ចសហការ មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ធបាលក្រុង/ស្រុក បានខិតខំប្រឹងប្រែងសហការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងខេត្តសៀមរាប ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំណែកការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្ត រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញនូវវិធានការបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងតាមការចាំបាច់ជាក់ស្តែង ដែលបានរៀបចំមណ្ឌលចត្តាឡីស័កនៅតាមក្រុង/ស្រុក ទាំង១២ សរុបមានចំនួន១៤៧កន្លែង និងបើកប៉ុស្តិ៍ពិនិត្យសុខភាពបឋម ចុះឈ្នោះ ឫស្កេន( QR code ) ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមព្រំប្រទល់ខេត្ត និងខេត្តជុំវិញ បានរៀបចំមណ្ឌលសំរាកព្យាបាល៧ទីតាំង និងបានធ្វើតេសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន២៦៣៤នាក់ ស្រី១០៣៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២២៤៨នាក់ ស្រី១៨១៧នាក់ កំពុងសំរាកព្យាបាល ៦៤នាក់ ស្រី ៣៤នាក់ និងស្លាប់៣១៦នាក់ ស្រី១៧៥នាក់ផងដែរ។

លោកអភិបាលខេត្ត ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ឱ្យបានផុលផុស ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសៀមរាប សម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកអភិបាលខេត្ត ក៏បានសូមឱ្យអង្គសន្និបាតទាំងមូលផ្ដោតការយកចិត្តទុកដាក់ ក្នុងការចូលរួម ពិនិត្យ ពិភាក្សា លើបញ្ហានានា និងផ្ដល់ជាធាតុចូលទាំងឡាយទៅក្នុងក្រុមពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការ និងវិធានរួមលម្អិតមួយដែលមានភាពប្រាកដប្រជា ធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបាន ប្រកបដោយជោគជ័យនាឆ្នាំ២០២២៕