(ភ្នំពេញ)៖ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជូនបុរសជនជាតិថៃ ចំនួន០៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាង អយ្យការបើកការស៊ើបសួរ និងឈានទៅរកការចោទប្រកាន់តាមផ្លូវច្បាប់។ ក្រុមជនជាតិថៃទាំង៤នាក់នេះ ជាប់ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀន មានទម្ងន់ប្រមាណជាង៦៣គីឡូក្រាម និងករណីលាក់ទុកអាវុធដោយខុសច្បាប់។

សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ សេង ឃុនណាង មានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀននៅ២គោលដៅផ្សេងគ្នា។

គោលដៅទី១៖ នៅចំណុចស្ថានីយ៍ប្រេងឥន្ទនតេឡា ផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ចាប់បានជនសង្ស័យម្នាក់ឈ្មោះ ទិន ទី ដកហូតបានរថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង៦០គីឡូ។ គោលដៅទី២៖ កម្លាំងជំនាញឃាត់រថយន្ត២គ្រឿង ជនសង្ស័យ០៣នាក់ និងអាវុធ០៣ដើម វែង១ដើម ខ្លី២ដើម នៅចំណុចបុរីមួយកន្លែង ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យ០៤នាក់ ទី១៖ឈ្មោះ ទិន ទី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (មានដីកាចាប់ខ្លួន) មានគ្រឿងញៀន៦៥គីឡូក្រាម, ទី២៖ឈ្មោះ ដាវ ឌីឌឹន (DAV DE-DAN) ភេទស្រី អាយុ២២ឆ្នាំ ជនជាតិថៃ, ទី៣៖ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) អាយុ៣៣ឆ្នាំ ជនជាតិថៃ និងទី៤៖ឈ្មោះ មង្គល សុខហម (MONG SOKHORM) អាយុ៤១ឆ្នាំ ជនជាតិថៃ។ សមត្ថកិច្ចដកហូតបានវត្ថុតាងមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៤២គីឡូ និង៧៥៩.៨៤ក្រាម, ហេរ៉ូអុិន (HEROIN) ទម្ងន់ សុទ្ធ២១គីឡូ និង១២០ក្រាម ព្រមទាំងអាវុធ៣ដើម៕