(ភ្នំពេញ)៖ ថ្លែងពីលើវេទិកា នាទឹកដីខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកមិនធ្លាប់មកកាន់ប្រទេសកម្ពុជា នៅពេលគេចូលមកកម្ពុជា ពួកគេនឹងប្លែកភ្នែកនូវការរីកចម្រើន និងការអភិវឌ្ឍសង្គមកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាពពេញលេញ។

ប្រទេសកម្ពុជា ប្រទេសដែលធ្លាប់ជួបវិបត្តិភ្លើងសង្គ្រាម និងរងវិនាសសកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ បានបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធគាំពារដល់សុខុមាលភាព គ្មានសេសសល់នោះឡើយ។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហម ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងរៀបចំកសាងឡើងវិញយ៉ាងខ្លាំងក្លាបំផុត លើហេដ្ឋារចនាសម្ព័ន្ធនានា។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សម្រាប់អ្នកដែលមិនបានមកកម្ពុជា ក្នុងរយៈពេលមួយ ហើយមកដល់កម្ពុជា ក្នុងរយៈពេលថ្មីទៀត គឺច្បាស់ណាស់ថានឹងមានការប្លែកភ្នែក នូវការរីកចម្រើន និងការអភិវឌ្ឍសង្គមកម្ពុជា សូម្បីតែទីតាំងនេះ (មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ) អញ្ចឹងទេបានជាចំណុចនេះយើងកំពុងតែស្រាយបញ្ហា...»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៩៨ ប្រជាពលរដ្ឋកម្ពុជាមានអាយុសង្ឃឹមរស់ ត្រឹម៥៦ឆ្នាំប៉ុណ្ណោះ តែពេលបច្ចុប្បន្នអាយុសង្ឃឹមរស់ មានរហូតដល់ជាង ៧០ឆ្នាំ។ ក្តីសង្ឃឹមនេះ ដោយសារកត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពចម្រើនជីវភាព និងការរីកចម្រើននៃប្រព័ន្ធសេវាសុខាភិបាល។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា សម្រាប់សមិទ្ធផលដែលកម្ពុជា កំពុងតែទទួលបានមកនាពេលបច្ចុប្បន្ននេះ គឺទទួលបានដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស បន្ថែមពីសមិទ្ធផលដែលកម្ពុជា កំពុងតែមានប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវបានធានាលើសុខមាលភាព ការប្រកបរបររកស៊ី ព្រមទាំងឱកាសផ្សេងៗទៀត ក្រោមដំបូលនៃសន្តិភាពមួយនេះ។

បន្ថែមពីលើការអភិវឌ្ឍ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មន្ទីរពេទ្យមានបរិក្ខារទំនើប ជារឿងសំខាន់ហើយ តែអ្វីកាន់តែសំខាន់ទៀតនោះ គឺមនសិការវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ។ សម្តេចសង្ឃឹមថា ក្រុមគ្រូពេទ្យទាំងអស់នឹងប្រឹងប្រែងយកចិត្តទុកដាក់ចំពោះសុខភាព និងការសង្គ្រោះអ្នកជំងឺ។

គួរជម្រាបថា គិតចាប់ពីឆ្នាំ១៩៩៨ មកដល់ពេលបច្ចុប្បន្នមានរយៈពេលត្រឹមតែ២៤ឆ្នាំប៉ុណ្ណោះ ដែលប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នាំមកនូវការបង្រួបបង្រួម ជាតិ និងផ្តល់ឱកាសឱ្យប្រទេសញាំញីដោយភ្លើងសង្គ្រាមរ៉ាំរ៉ៃមួយនេះអភិវឌ្ឍន៍ ខ្លួនចេញពីស្ថានភាពដ៏ក្រីក្រ លំបាកយ៉ាប់យឺនជាទីបំផុតឈានមក ដល់ដំណាក់កាលដ៏ល្អប្រសើរមួយដូចពេលបច្ចុប្បន្ននេះ។

សមិទ្ធផលជាច្រើនត្រូវបានកសាងឡើងជាពិសេសនៅក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះក្រោមកិច្ចខិតខំប្រឹងប្រែងឥតសំចៃ ការលះបង់ និងការកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្រោមដំបូលនៃសុខសន្តិភាពពេញលេញ។ ពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ពីសមិទ្ធផល ដែលកើតចេញពីសុខសន្តិភាពនេះ ហើយស្វា គមន៍ចំពោះវត្តមាននៃសន្តិភាព និងប្រាថ្នាឱ្យសន្តិភាពមានវត្តមានជាអចិន្ត្រៃយ៍នៅលើទឹកដីកម្ពុជានេះ។

ចំណែកប្រជាពលរដ្ឋខ្មែរដែលមានអាយុ ក្រោម៤០ឆ្នាំ មានប្រមាណ ៦០% នៃប្រជាជនសរុបជាង ១៦លាននាក់ បាននឹងកំពុងទទួលបានផលពីសុខសន្តិភាព រស់នៅបែបស៊ីវិល័យទៅតាមការវិវឌ្ឍនៃសង្គម និងការរីកចម្រើនសេដ្ឋកិច្ច។

ដោយសារតែសុខសន្តិភាព សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំរយៈពេល ២០ឆ្នាំជាប់គ្នាដែលធ្វើឱ្យកម្ពុជា បានចាកចេញពីប្រទេសក្រីក្រមកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និងក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕