(ត្បូងឃ្មុំ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្រាប់ការព្យាបាលទៅកាន់អ្នកជំងឺ បើមន្ទីរពេទ្យមានបរិក្ខារទំនើបជារឿងសំខាន់មួយ តែអ្វីដែលកាន់តែសំខាន់ ជាងនេះទៀតនោះ គឺមនសិការ វិជ្ជាជីវៈរបស់គ្រូពេទ្យ ដោយសារអ្នកជំងឺត្រូវការ ការថ្នាក់ថ្នមពីគ្រូពេទ្យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសង្ឃឹមថា បញ្ហាមិនស្ថិតនៅត្រង់មន្ទីរពេទ្យស្អាត ឫមិនស្អាត ទំនើបឫមិនទំនើបនោះទេ តែវាត្រូវការ វាត្រូវការស្អាត វាត្រូវការសម្ភារទំនើប ប៉ុន្តែអ្វីដែលត្រូវការជាងទៀតគឺមនស្សសិកា វិជ្ជាជីវៈ សីលធម៍របស់គ្រូពេទ្យ»

សម្តេចតេជោ បានបន្ថែមថា មកដល់ពេលនេះមានរយៈពេល២ឆ្នាំហើយ នៃការប្រយុទ្ធជាមួយជំងឺកូវីដ១៩ ដែលគ្រូពេទ្យពីមុនត្រូវបានគេជេរ គេបន្ទោសបង្អាប់ តែមកដល់ពេលនេះគឺត្រូវបានគេប្រសិទ្ធនាមថាជា «កងទ័ពអាវស» រួចស្រេចទៅហើយ។ សម្តេច ក៏បានបង្ហាញក្តីសង្ឃឹមដែរថា ក្រុមគ្រូពេទ្យទាំងអស់នឹងបន្តធ្វើការ ឱ្យបាន ល្អថែមទៀត បើទោះបីជាមានថ្នាំ ឫគ្មានថ្នាំ ក៏ប៉ុន្តែឥរិយាបទទៅកាន់អ្នកជំងឺគឺត្រូវធ្វើឱ្យបានល្អ ព្រោះអ្នកជំងឺគឺត្រូវការការថ្នាក់ថ្នម ជាមួយនឹងការថែទាំណាស់ ពីសំណាក់ក្រុមគ្រូពេទ្យ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមដែរថា ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ក្រុមគ្រូពេទ្យគឺពិតជាមានការនឿយហត់ណាស់ តែយ៉ាងណាក្នុងរយៈពេលកន្លងមកនេះ ក៏មានតែវិស័យសុខាភិបាលដែរ ដែលសម្តេចបានផ្តល់ក្របខ័ណ្ឌឱ្យរហូតដល់ ៤ពាន់កន្លែង ជាមួយនឹងផ្នែកដ៏ទៃទៀតសម្រេច ឱ្យផ្អាកការរើសបុគ្គលិក ប៉ុន្តែគ្រូពេទ្យបានបញ្ជូលថែម៤ពាន់នាក់ដើម្បីបំរើឱ្យសេចក្តីត្រូវការ ដោយសារមានមួយផ្នែកត្រូវចេញប្រយុទ្ធជាមួយនឹងជំងឺកូវីដ និងមួយផ្នែកទៀត សម្រាប់ប្រយុទ្ធជាមួយនឹងជំងឺផ្សេងៗទៀត។

សូមបញ្ជាក់ដែរថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។

មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ៕