(ត្បូងឃ្មុំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវក្ដីសោមនស្សចំពោះលទ្ធផលផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានជួយឱ្យប្រជាជនកម្ពុជាបច្ចុប្បន្នមានសង្ឃឹមរស់បានយូរជាងអតីតកាល ដោយជាមធ្យមដល់ទៅជាង៧០ឆ្នាំ ខណៈកាលពីសម័យមុនប្រជាជនដែលមានសង្ឃឹមរស់ជាមធ្យមត្រឹមតែ៥៦ឆ្នាំប៉ុណ្ណោះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិជូរចត់ភាពលំបាកវេទនារបស់ប្រជាជនខ្មែរ ដែលបានឆ្លងកាត់ព្រឹត្តិការណ៍សង្គ្រាម គ្រោះមហន្តរាយ គ្រោះទុរ្ភិក្ស ក៏ដូចជាបញ្ហាជំងឺនានាជាដើម ដែលបានរំខានដល់ការរស់នៅរបស់ពួកគាត់ និងធ្វើឱ្យលទ្ធភាពសង្ឃឹមរស់របស់ពួកគាត់រស់នៅមិនបានយូរនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កាលពីឆ្នាំ១៩៩៨ ប្រជាពលរដ្ឋកម្ពុជាមានអាយុសង្ឃឹមរស់ជាមធ្យមត្រឹមតែ៥៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន អាយុសង្ឃឹមរស់មានរហូតដល់ជាង៧០ឆ្នាំជាមធ្យម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «នៅឆ្នាំ១៩៩៨ ប្រជាជនដែលមានសង្ឃឹមរស់ជាមធ្យមត្រឹមតែ៥៦ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ប្រជាជនដែលមានសង្ឃឹមរស់រហូតដល់ទៅជាង៧០ឆ្នាំជាមធ្យម»។
សម្ដេចតេជោ ហ៊ុន សែន បានលើកអំណះអំណាងថា វឌ្ឍនភាពនៃសុខមាលភាពសាធារណៈនេះ គឺជាលទ្ធផលផ្លែផ្កានៃកត្តាសុខសន្តិភាព ដែលបានជំរុញទៅដល់ការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល ក៏ដូចជាជំរុញឱ្យជីវភាពរបស់ប្រជាជនមានភាពរីកចម្រើន។
សម្ដេចតេជោក៏បានក្រើនរំលឹករបស់ព្ដាវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យរបស់កម្ពុជាត្រូវខិតខំបម្រើសេវាសុខាភិបាលជូនអ្នកជំងឺឱ្យបានល្អប្រសើរថែមទៀត ពិសេសត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថសមរម្យដាក់ប្រជាជន-អ្នកជំងឺ ដើម្បីកុំឱ្យប្រជាជនមានការថ្នាំងថ្នាក់ដោយសារទង្វើមិនគប្បីរបស់ខ្លួនឱ្យសោះ៕