Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ, លោក ស៊ាប កែវជីវ៉ា ជំនួសលោក ជុំ ពុយ ដែលចូលនិវត្តន៍

07-03-2022 12:11

(ព្រះវិហារ)៖ អភិបាលថ្មីស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងហើយ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ ដោយលោក ស៊ាប កែវជីវ៉ា អតីតអភិបាលរងស្រុកគូលែន ត្រូវបានតែងតាំងជាអភិបាលស្រុកសង្គមថ្មី ចំណែងលោក ជុំ ពុយ អតីតអភិបាលស្រុកសង្គមថ្មី ត្រូវបានផ្ទេរភារកិច្ខមកបម្រើការងារ នៅរដ្ឋបាលខេត្តព្រះវិហារវិញ។

ពិធីផ្ទេរតំណែងនេះ ស្ថិតក្រោមវត្តមាន លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី និងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។

លោក ប្រាក់ សុវណ្ណ បានថ្លែងឲ្យដឹងថា ការផ្លាស់ប្តូរតំណែងអភិបាលស្រុកសង្គមថ្មីនាពេលនេះ មិនមែនដោយសារការដកតំណែង ឬដោយសារមានកំហុសអ្វីទេ។ មូលហេតុ ដែលមានការផ្លាស់ប្តូរ ដោយសារតែលោក ជុំ ពុយ ត្រូវដល់អាយុចូលនិវត្តន៍ គឺនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកសង្គមថ្មី ពិសេសលោក ជុំ ពុយ ដែលកន្លងមក បានយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើការកសាងនិងអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវី១៩ និងមេរោគបំប្លែងថ្មីអូមីក្រុង ដែលយើងត្រូវចាំបាច់រួមគ្នាបង្ការ និងទប់ស្កាត់ ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានធ្វើការណែនាំដល់លោកអភិបាលស្រុក ដែលទើបប្រកាសចូលកាន់តំណែងថ្មី ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង រួបរួមសហការគ្នា អនុវត្តការងារសំខាន់ៗរួមមាន៖

*ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពារក្រសួងសុខាភិបាល ទប់ស្កាត់ការរាលដាលជំងឺកូវី-១៩ជាពិសេសជំងឺបំលែងថ្មីអូមីក្រុង
* បន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរ ដោយលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនូវទូទាំងស្រុក
* ត្រូវលើកកម្ពស់ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការបែងចែកភារកិច្ចគណៈអភិបាល ដែលបានកំណត់ ព្រមទាំងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក៏ដូចជាបញ្ជាជុំរុញការដោះស្រាយទំនាស់ដីធ្លី ទប់ស្កាត់ប្រជាពលរដ្ឋធ្វើចំណាកស្រុក ជុំរុញការចុះបញ្ជីរដីធ្លី ជុំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមការកំណត់៕