(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ នៅវិមានសន្តិភាព។
ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នៅតែបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវបន្តផ្គត់ផ្អង់ទឹកបន្តទៀតជូនប្រជាពលរដ្ឋដែលខ្វះខាត ហើយគ្រាប់ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងកាកបាទក្រហមទាំងអស់ត្រូវបន្តការងារនេះបន្តទៀត និងការចុះស្តារស្រះ ប្រឡាយ សម្រាប់ទុកនៅឆ្នាំក្រោយៗទៀត បើសិនជួបគ្រោះបែបនេះ។
* សម្តេចតេជោ ហ៊ុន សែន សម្រាប់ខេត្តស្វាយរៀង នៅឆ្នាំនេះ មានអណ្តូងជាង៦០០អណ្តូងត្រូវបានរីងស្ងួត ដូច្នេះត្រូវតែស្តារឡើងវិញទាំងអស់ ដើម្បីឲ្យដល់ដង្ហើមទឹក និងការចុះស្តារស្រះត្រូវតែធ្វើ។
* ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ហាមហៅអភិបាលខេត្តនានា មកប្រជុំនៅភ្នំពេញ ទុកពេលឲ្យដោះស្រាយបញ្ហា ទឹកជាមួយប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅអភិបាលខេត្តទាំងអស់ត្រូវធ្វើរបាយការណ៍ខ្លីបានហើយ កន្លែងណាអត់ទឹក កន្លែងណាមានទឹក កុំវែងពេក សម្តេចមិនបានមើលអស់ទេ ហើយចាប់ពីពេលនេះទៅ កុំហៅអភិបាលខេត្តមកប្រជុំមកនៅរាជធានីភ្នំពេញ ត្រូវប្រជុំនៅខេត្តតែម្តងស្រួលធ្វើការ និងបញ្ជាដឹកនាំនៅមូលដ្ឋានតែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ណាដែលមានការបាក់ផ្ទះ អាជ្ញាធរ និងកាកបាទក្រហម ត្រូវជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ជាបន្ទាន់ ហើយរឿងនេះត្រូវធ្វើបច្ចុប្បន្នរាល់ថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗថា បើសិនឃើញមុខចៅហ្វាយខេត្តណាមួយ មានមុខនៅភ្នំពេញ គឺមានរឿងហើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាថ្ងៃប្រជុំនៅក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះឲ្យតែប្រធានមន្ទីរកសិកម្មបានហើយ តែចៅហ្វាយខេត្តអត់ឲ្យមកទេ តែបើរងខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តអាចមកបាន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ១៦៖១៤នាទី៕