(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារលោកស្រី បាន ស្រីមុំ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានជួបសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភ ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹងចំនួន១៦០នាក់ ក្នុងខេត្តប៉ៃលិន។
ក្រុមការងារបាននាំបណ្តាំផ្ញើ សួរសុខទុក្ខដោយក្តីនឹករលឹកពី សំណាក់លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ ជូនលោកយាយ លោកតាទាំងអស់ ដោយលោក អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ តែងតែគិតគូរពីសុខទុក្ខលោកឪពុក អ្នកម្តាយទាំងអស់ ហើយសូមឲ្យលោកយាយ លោកតា ថែរក្សាសុខភាព រស់នៅត្រូវមានអនាម័យ ដោយហូបស្អាត និងទទួលទានទឹកស្អាត និងសូមឲ្យលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន មានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះថ្នាក់ផ្សេងៗ រួមទាំងរន្ទះ អគ្គីភ័យ និងការបាក់លំនៅដ្ឋានដោយសារខ្យល់កន្ត្រាក់ និងខ្យល់ព្យុះ ដែលបង្កឡើងជាយថាហេតុ។
សូមជម្រាបថា ការឧបត្ថម្ភជាថវិកាជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្ត គឺធ្វើឡើងរៀងរាល់ថ្ងៃទី០៣ នៃខែនីមួយៗ អស់រយៈពេល៦ឆ្នាំមកហើយ តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦នេះ ដោយលោកយាយ លោកតាម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល៕