(ត្បូងឃ្មុំ)៖ ដើម្បីបង្កើនការការពារធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបចំប្រជុំជួរនិងត្រួតពិនិត្យកម្លាំង ដាក់បទបញ្ជា ផែនការ យុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាបន្តរឹតបន្តឹងវិន័យកងកម្លាំងក្នុងគោលដៅធានាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្តប្រមាណជាង៣០០នាក់ នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បានក្រើនរំលឹកឡើងវិញដល់កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នូវរាល់បញ្ហាសំខាន់ៗទាក់ទងនឹង ការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ និងជួយសម្រួលចរាចរណ៍តាមដងផ្លូវនានាជូនដល់ជនរួមជាតិ និងភ្ញៀវអន្តរជាតិក្នុងខេត្តត្បូងឃ្មុំ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ក៏បានដាក់បទបញ្ជាបង្ក្រាបរាល់បទល្មើសខុសច្បាប់នានា លុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ដូចដែលលទ្ធផលនាពេលកន្លងមក កងកម្លាំងមានសមត្ថិច្ចបង្ក្រាបបាន ព្រមទាំងផ្តល់រង្វាន់ជូនអ្នកដែលមានស្នាដៃបង្ក្រាបបានផងដែរ ជាពិសេសបានណែនាំបន្ថែមដល់នគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាព និងជៀសផុតពីជំងឺឆ្លងកូវីដ១៩ (មេរោគបំប្លែងថ្មី អូមីក្រុង)។

បន្ទាប់ពីត្រួតពិនិត្យកម្លាំងបានចប់សព្វគ្រប់ហើយ លោកស្នងការបានដឹកនាំក្បួនកងកម្លាំង ម៉ូតូ រថយន្ត ល្បាតតាមភូមិសាស្ត្រសំខាន់នៃតំបន់រដ្ឋបាលខេត្ត និងសាលាខេត្តត្បូងឃ្មុំ ក៏ដូចជាទទួលនូវអនុសាសន៍ដឹកនាំ និងការលើកទឹកចិត្តពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យនិងទទួលបទបញ្ជាក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសថែរក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមក និងឆ្លងកាត់ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់កម្លាំងនគរបាលទូទាំងខេត្តត្រូវបន្តខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនពលរដ្ឋ ថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានកាន់តែល្អប្រសើរថែមទៀត ដោយត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ សម្រាប់ជួយអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលមានបទល្មើស ឬហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។

លោកអភិបាលខេត្តបានបន្តឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន៥,០០០,០០០រៀលដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខណៈដែលកន្លងមកលោកតែងតែចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជាការជួយជំរុញលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕