(ព្រះសីហនុ)៖ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើពិធីបញ្ចូលសមាជិកបក្សថ្មីជិត ២ពាន់នាក់ ដែលជាអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ (CNRP), គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងគណបក្សហ៊្វុនស៊ិនប៉ិច។

ពិធីបញ្ចូលសមាជិកថ្មីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោក តឹករ៉េត សំរេច ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងព្រះសីហនុ។

លោក លី សាម៉េត, លោក គួច ចំរើន និងលោក តឹករ៉េត សំរេច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយក្តីរីករាយជាទីបំផុត ចំពោះសមាជិកថ្មី ដែលមកពីបណ្តាគណបក្សនយោបាយដទៃ។

លោក លី សាម៉េត បានចាត់ទុកការចូលរួមជីវភាពនយោបាយរបស់សមាជិកថ្មីនេះ គឺជាការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ ដើម្បីរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន កសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន ព្រមទាំងនាំមកនូវសុខដុមភាព វិបុលភាព និងកិត្យានុភាពសម្រាប់ជាតិ និងប្រជាជន។

លោក សឿង ធី តំណាងឱ្យសមាជិក សមាជិកាគណបក្សបញ្ចូលថ្មី បានសម្តែងនូវក្តីរំភើបឥតឧបមាក្រោយបានក្លាយជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។

លោក សឿង ធី បានថ្លែងថា ពួកគេជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីគោលនយោបាយ គោលការណ៍នយោបាយត្រឹមត្រូវ និងពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីសន្តិភាព និងអភិវឌ្ឍជាតិមាតុភូមិ និងដើម្បីប្រជាជនកម្ពុជា។

«យើងខ្ញុំទាំងអស់គ្នាមានមោទនភាពយ៉ាងក្រៃលែង ព្រោះថានេះជាបំណងប្រាថ្នារបស់យើងខ្ញុំ ហើយយើងខ្ញុំយល់ថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពបន្តទៅទៀត»។ នេះជាការបញ្ជាក់របស់លោក សឿង ធី សមាជិកថ្មី ដែលបានស្ម័គ្រចិត្តចូលធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តំណាងឱ្យសមាជិកថ្មីទាំងអស់ លោក សឿង ធី ក៏បានប្តេជ្ញាចិត្តខិតខំទំនាក់ទំនងឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ លក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា, កសាងទំនាក់ទំនងល្អជាមួយមហាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយបក្ស, ខិតខំថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុង និងរក្សាសម្ងាត់របស់គណបក្សជានិច្ចការផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមកដើម្បីរកការរីកចម្រើន, ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ និងប្រឹងប្រែងកៀរគរប្រមូលសមាជិកគណបក្ស និងប្រជាពលរដ្ឋឱ្យចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារាល់ការបោះឆ្នោតនាពេលខាងមុខ។

កនុងឱកាសនោះ លោក សឿង ធី ក៏បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រការជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕