(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារនៅថ្ងៃ០៣ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ ស្ពានបាក់ស្រុតខូច ត្រង់ចំណុចភូមិដូនរ័ត្ន សង្កាត់ឱឡោក ខណ្ឌពោធិ៍ជ័យ ដែលស្ពាននេះបានសាងសង់តាំងពីឆ្នាំ១៩៦០មកម្ល៉េះ គឺមានអាយុ៥៦ឆ្នាំ មកហើយ គិតមកទល់ពេលនេះ។
លោក ហែម ដារិទ្ធ បានប្រាប់ឱ្យដឹងថា ស្ពានដែលមានអាយុកាល៥៦ឆ្នាំនេះ មានចំនួន៣ស្ពាន ហើយស្ពានដែលបាក់ខូចគឺជាស្ពាន ទី២។ ម្យ៉ាងទៀត ផ្លូវមួយនេះជាតំបន់សេដ្ឋកិច្ច រថយន្តដឹកទំនិញធំៗ ដែលឆ្លងកាត់ គិតចាប់ពីរង្វង់មូលលោកតា «ក្រមងុយ» មានផ្លូវ សំខាន់ៗចំនួន៣ខ្សែ ផ្លូវឆ្លងពីពោធិ៍សែនជ័យ ទៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ផ្លូវឆ្លងកាត់ទៅខណ្ឌព្នៅ ទៅផ្លូវជាតិលេខ៤ កាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងសំខាន់ផងដែរ។
លោកបានបញ្ជាក់ថា «ខ្ញុំនឹងស្នើសុំទៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដើម្បីសាងសង់ស្ពាន ដែលបាក់ខូចនេះឱ្យបាន លឿនបំផុត ពីព្រោះផ្លូវនេះមានសារសំខាន់ណាស់ ដែលមានរថយន្តធន់ធ្ងន់ជាច្រើន បានប្រើផ្លូវមួយនេះឆ្លងកាត់បន្ថយនូវការកកស្ទះ ចរាចរណ៍ នៅក្នុងរាជធានីផងដែរ»។ លោកបានឱ្យគ្រឿងចក្រ មកកកាយធ្វើផ្លូវវាងបណ្តោះអាសន្នសិន ជៀសវាងការកកស្ទះ ចរាចរណ៍។ ជាមួយគ្នានេះដែរ លោកបានបង្ហើបឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះផ្លូវចំនួន៣ខ្សែនេះ នឹងប្រែក្លាយពីគ្រួសក្រហម ទៅជាផ្លូវបេតុង ដើម្បីសម្រួលចរាចរណ៍ ឱ្យប្រជាពលរដ្ឋឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយបានឆាប់រហ័សជាពិសេសនោះចំណេញ ទាំងពេលវេលា និងថវិការផងដែរ៕