(ឧត្តរមានជ័យ)៖ លោក អ៊ុ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដីសម្បទានសេដ្ឋកិច្ចមួយកន្លែងរបស់ក្រុមហ៊ុន សុខ សំណាង ដែលមានវិវាទជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនេះដែរ ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងក្រុមការងារបានចុះពិនិត្យជាក់ស្តែងឃើញថា ដីដែលកំពុងមានទំនាស់នោះជាដីរបស់ក្រុមហ៊ុន សុខ សំណាង ពិតប្រាកដ ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា វិនិយោគដាំដំណាំកៅស៊ូ ជាង ១,៨៦៥ហិកតា។

ក្រោយពីមានការណែនាំពីនីតិវិធីច្បាប់ និងការសម្របសម្រួលរបស់ប្រធានសាលាដំបូងខេត្ត និងក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ស្រុករួចមក ក្រុមប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនក្រុមហ៊ុនវិញ និងបានសន្យាបំផុសឱ្យប្រជាពលរដ្ឋមួយចំនួនដែលពាក់ព័ន្ធឱ្យប្រគល់ដីជូនក្រុមហ៊ុនវិញផងដែរ និងបញ្ឈប់ការចូលទៅអាស្រ័យផល និងការឈូសឆាយហ៊ុមព័ទ្ធ សាងសង់ខ្ទមបន្តទៀត នៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច។

សូមបញ្ជាក់ថា ក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ស្រុក និងថ្នាក់ខេត្ត កន្លងមកបានផ្សព្វផ្សាយ និងធ្វើសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំឱ្យយល់ពីស្ថានភាពក្រុមហ៊ុនទទួលសិទ្ធវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះបញ្ជីរួចរាល់ដោយចេញ ស.ជ.ណ ហើយ មិនមាននរណាម្នាក់មានសិទ្ធិចាត់ចែង និងអនុញ្ញាតឱ្យទៅឈូសឆាយ រុករាន និងហ៊ុមព័ទ្ធដីក្រុមហ៊ុនវិនិយោគធ្វើជាកម្មសិទ្ធបានទេ។ ដូច្នេះ ហើយអាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យចាញ់បោកក្រុមជនឱកាសនិយម ឬក៏មេខ្យល់បន្តទៀតឱ្យសោះ ដើម្បីជៀសវាងឈានដល់ការអនុវត្តតាមផ្លូវច្បាប់៕