(បាត់ដំបង)៖ លោក ទ្បេង ប៉េងទ្បុង អគ្គលេខាធិការរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១ ជូនដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋនៅសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីនេះបានរៀបចំធ្វើនៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សមាជិក សមាជិកាក្រុមការងារគណបក្ស គណបក្សក្រុង សង្កាត់ ឃុំ ភូមិចូលរួមប្រមាណ៣០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ទ្បេង ប៉េងទ្បុង ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដោយបានគូសបញ្ជាក់ថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ តែងតែមានក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោក ទ្បេង ប៉េងទ្បុង បានកោតសរសើរចំពោះសកម្មភាពការងារកន្លងមកដែលស្រ្តីនៅក្នុងសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ បានកសាងសមិទ្ធផលជាច្រើន ក្រោមកិច្ចរួបរួមសហការសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដែលអាចឈានទៅសម្រេចទិសដៅជាមួយរាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសទូលាយចំពោះស្រ្តីអោយចូលរួមការងារសង្គម នយោបាយ និងពាណិជ្ជកម្មជាដើម។ ស្រ្តីជាច្រើនបានកំពុងកាន់តួនាទីជាអ្នកសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ រាជរដ្ឋាភិបាលបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និងសង្គម គ្រួសារ និងសង្គមមិនអាចខ្វះស្ត្រីបានឡើយ។

នាឱកាសនោះដែរ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ បានស្នើឱ្យអាជ្ញាធរ ពិសេសក្រុមការងារគណបក្ស បន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំងពីមត្តេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឱ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់មិនឱ្យមានអំពើហិង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និងឱ្យមានការអនុវត្តឱ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ។

លោក ទ្បេង ប៉េងទ្បុង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់នៅជាមួយនឹងកូវីដ១៩ ដោយបន្តអនុវត្តរាល់វិធានការសុខាភិបាល «៣ការពារ និង៣កុំ» មិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះថាមេរោគកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី អូមីក្រុង បាននឹងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅឡើយ។

លោកក៏បានជំរុញប្រជាពលរដ្ឋនាំកូនចៅ តូចៗទៅទទួលវ៉ាក់សាំងបង្ការជំងឺនានា និងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដើម្បីការពារសុខភាពកូនចៅខ្លួន និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍។

ក្នុងឱកាសនោះ លោក ទ្បេង ប៉េងទ្បុង និងក្រុមការងារ ផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ស្រ្តី ដែលបានចូលរួមក្នុងសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ជាការគោរព និងលើកទឹកចិត្តផងដែរ៕