(ភ្នំពេញ)៖ ក្រោយបញ្ចប់ដោយជោគជ័យអំពីការសរសេរ Lead នៃព័ត៌មានក្ដៅ (Spot News) នៅសប្ដាហ៍ទី៥ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ វគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានរបស់ Fresh News (FTC) បានបន្តសិក្សាអំពីខ្លឹមសារលំអិត (Body) នៃព័ត៌មាន។

លុបម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានឲ្យដឹងថា៖ «ដងខ្លួននៃដំណឹង គឺជាផ្នែកនៃការសរសេរដែលត្រូវទ្រទ្រង់នូវតម្លៃរបស់ Lead។ ដងខ្លួនរបស់ដំណឹង គឺជាការពន្យល់ក្បោះក្បាយនៃសាច់រឿងដែលទាក់ទងនឹង Lead និងតាមលំដាប់លំដោយរបស់វា។ តាមធម្មតាដងខ្លួននៃដំណឹង គឺជាការសរសេរពន្យល់ អំពី Why and How»

ដើម្បីកាន់តែងាយស្រួលយល់ ព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានខាងលើបានបន្ថែមទៀតថា៖ «ដងខ្លួននៃដំណឹង គឺជាផ្នែកសំខាន់ដែលសរសេររៀបរាប់ជុំវិញភស្ថុតាង, ការពិត,ពាក្យសម្ដី,ដកស្រង់ Quotes, ការផ្ដល់នូវសវតា Background ដែលពាក់ព័ន្ធសាច់រឿង ឬសម្ដីតបតណា ដែលជាប់ពាក់ព័ន្ធនឹងសាច់រឿងជាដើម»។ ជាមួយគ្នានេះដែរលោក ម៉ារ យ៉ារិទ្ធ បានសង្កត់ធ្ងន់ថា ដងខ្លួននៃដំណឹង គឺជាផ្នែកនៃការផ្ដល់ការសរសេរស៊ីជម្រៅ ក្នុងអត្ថបទទាំងមូលថែមទៀតផង។

បើទោះជាស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី ក៏វគ្គសិក្សានៅតែដំណើរការជាធម្មតា តាមគន្លងថ្មី ជាមួយនឹងការអនុវត្តវិធានការសុខាភិបាល។ វគ្គសិក្សានេះ ទទួលបានចំណាប់អារម្មណ៍ពីសិក្ខាកាមយ៉ាងផុសផុលលើមេរៀនដែលបានសិក្សា។ ស្របជាមួយថ្នាក់រៀនដែលបានគិតគូរអំពីសុវត្ថិភាពរបស់សិក្ខាកាមដោយមានការរក្សាគម្លាតសុវត្ថិភាព វាស់កម្ដៅ និងបាញ់អាកុលមុនចូលរៀនថែមទៀតផង។

វគ្គបណ្តុះបណ្តាលថ្មី អំពីរបៀបសរសេរព័ត៌មាន នៅ FTC នឹងមានរយៈពេល៣ខែ ដែលនឹងសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។ អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334