(ភ្នំពេញ)៖ ទីតាំងអាជីវកម្មសត្តឃាតមាន់មួយកន្លែង ស្ថិតនៅផ្លូវលេខ៤៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បានលួចបើកដំណើរការឡើង និងកំពុងការរំខានដល់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ និងជះក្លិនស្អុយបង្កផលប៉ះពាល់ដល់បរិស្ថានថែមទៀតផង។

ការបើកដំណើរការយ៉ាងរលូនស្ងាត់ៗឡើងវិញ នៃទីតាំងសត្តឃាតមាន់របស់ឈ្មោះ សុខ សុគន្ធ ដែលកំពុងកាប់សម្លាប់មាន់ស្រែកឡូឡា មានទាំងរថយន្ដ-រ៉ឺម៉កម៉ូតូដឹកសត្វបើកចេញចូលឥតឈប់ឈរ និងជះក្លិនស្អុយ ហើយបង្កការរំខានទាំងយប់ទាំងថ្ងៃដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងក្រោយពីលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានចាត់ឲ្យមន្ត្រីចុះណែនាំជាច្រើនលើកច្រើនសារមកហើយ និងឈានដល់ការចុះបិទទាំងទីតាំង ហើយធ្វើការចាប់ដកហូតរថយន្តដឹកមាន់ ដែលបម្រើ និងផ្គត់ផ្គង់មាន់មករក្សាទុកនៅសាលាខណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

បទបញ្ជារបស់លោក ឯក ឃុនដឿន ក្នុងការណែនាំ និងឈានដល់ការចុះបិទទីតាំងសត្តឃាតមាន់ និងធ្វើការចាប់ដកហូតរថយន្តដឹកមាន់ បានអនុវត្តឡើងតាមស្មារតីលិខិតលេខ០៣៧/២០ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងកំណត់ហេតុ ស្តីពីការបិទអាជីវកម្មសត្តឃាដមាន់ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ។

ទោះបីយ៉ាងណា ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅក្បែរ និងជុំវិញទីតាំងអាជីវកម្មសត្តឃាដមាន់ របស់ឈ្មោះ សុខ សុគន្ធ នេះបានកើតទុក្ខមិនសុខចិត្ត និងសំណូមពរជាថ្មីម្ដងទៀត ដល់លោក ឯក ឃុនដឿន ពិសេសលោក ឃួង ស្រេង មេត្តាជួយពិនិត្យតាមជាក់ស្ដែងឡើងវិញ និងបើអាចគួរតែមានវិធានការច្បាស់លាស់ក្នុងការបិទ ឬប្ដូរទីតាំងសត្តឃាតមាន់នេះ៕