(បន្ទាយមានជ័យ)៖ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបង្កើតក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃច្រករបៀង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពិធីនេះបានធ្វើឡើងនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ លោក សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺចុះសិក្សាស្រាវជ្រាវដើម្បីបិទការចេញ-ចូល តាមច្រករបៀងនានា ក្រៅពីច្រកអន្តរជាតិប៉ោយប៉ែត, ចុះពិនិត្យសិក្សាស្រាវជ្រាវទីតាំងភូមិសាស្ត្រ និងស្ថានភាពច្រករបៀងដែលស្ថិតនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការចេញ-ចូលឆ្លងកាត់ព្រំដែនតាមច្រកទ្វារផ្លូវការ, សិក្សាស្រាវជ្រាវ វាយតម្លៃសក្កានុពល។

បន្ថែមពីនេះ ក៏នឹងកំណត់អាទិភាពច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីលើកយោបជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចក្នុងការបង្កើតជាច្រកព្រំដែនផ្លូវការស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, រៀបចំរបាយការណ៍អំពីលទ្ធផលសម្រេចបានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, បំពេញភារកិច្ចផ្សេងៗទៀត តាមការចាំបាច់។

សូមបញ្ជាក់ថា ក្រោយពីជំនួបប្រជុំពិភាក្សានេះបានបញ្ចប់ ក្រុមការងារនៃកិច្ចប្រជុំក៏បានអញ្ជើញចុះត្រួតពិនិត្យជាក់ស្ដែង តាមច្រករបៀងនីមួយៗនៅបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដើម្បីពិនិត្យវាយតម្លៃ និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំផងដែរ៕