(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ កិច្ចប្រជុំជីវភាពគណបក្សប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ទិសដៅខែមីនា ឆ្នាំ២០២២ របស់គណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ។

ក្រោយពីឆ្លងរបាយការណ៍ប្រចាំខែកុម្ភៈ អង្គប្រជុំក៏បានពិភាក្សារកធាតុចូលបន្ថែមទៀតធ្វើជាមូលដ្ឋានសម្រាប់បញ្ចូលក្នុងរបាយការណ៍។ លោក អូស្មាន ហាស្សាន់ ស្នើសុំឲ្យបញ្ចូលសកម្មភាពមនុស្សធម៌របស់អង្គការ សមាគម និងសប្បុរសជននានាក្នុងរបាយការណ៍ដើម្បីជាការលើកទឹកចិត្ត។ លោកស្រី ទូច សារ៉ុម អនុប្រធានក្រុមការងារចុះជួយខណ្ឌ ក៏បានផ្តល់អនុសាសន៍ជាធាតុចូលសំខាន់ៗផងដែរ។

នាឱកាសនោះ លោក ឯក ឃុនដឿន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ ក៏បានរាយការណ៍អំពីសភាពការណ៍ទូទៅនៅតាមសង្កាត់ទាំង៧ និងបានថ្លែងអំណរគុណចំពោះក្រុមការងារ និងអាជ្ញាធរសង្កាត់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបានជំរុញឱ្យគណៈកម្មាធិការបក្សសង្កាត់កសាងសមាជិកបក្សបន្ថែមទៀត។

លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ បានផ្តាំផ្ញើដល់អង្គប្រជុំ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងចំនួនសមាជិកបក្ស និងពង្រឹងសកម្មភាពសតិអារម្មរណ៍នយោបាយរបស់សមាជិកបក្ស ដោយលោកបានបញ្ជាក់ថា គោលការណ៍រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្ររបស់គណបក្សមួយសន្លឹក គឺត្រូវទាមទារឲ្យក្រុមប្រឹក្សាសង្កាត់ និងក្រុមការងាររបស់យើងអនុវត្តគោលការណ៍នេះ ឲ្យបានជាប់ជាប្រចាំ ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតសកលឆ្នាំ២០២៣ ទទួលបានជ័យជំនះ។

លោកក៏បានរំលឹកបន្ថែមទៀតថា សូមឲ្យក្រុមការងារ និងអាជ្ញាធរសង្កាត់ត្រូវពិនិត្យ សម្រួលដល់ពលរដ្ឋឲ្យមានអត្តសញ្ញាណប័ណ្ណថ្មី ដើម្បីបម្រើដល់ការបោះឆ្នោត។ ជាមួយគ្នានោះ លោកប្រធាន បានជំរុញឲ្យធ្វើការផ្សព្វផ្សាយនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងសប្បុរសជន បានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសង្កាត់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

មុននឹងបញ្ចប់លោក អូស្មាន ហាស្សាន់ ក៏បានរំលេចឡើង ពីគោលនយោបាយចាក់វ៉ាក់សាំងដែលរដ្ឋាភិបាលកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អលើការងារគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេសប្រភេទមេរោគបម្លែងថ្មី អូមីក្រុង ដោយការចាក់វ៉ាក់សាំងគ្របដណ្តប់បានទូទាំងប្រទេសដែលអាចឲ្យយើង មានលទ្ធភាពបើកដំណើរការប្រទេសឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ៕