(ភ្នំពេញ)៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វារ ដែលកំពុងរងនូវការទ្រុឌទ្រោមនោះ គ្រោងនឹងបើកការដ្ឋានជួសជុលឡើងវិញនៅដើមឆ្នាំ២០១៧ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដោយគ្រោងចំណាយថវិកាប្រមាណ ៣០លានដុល្លារ។
ដើម្បីដំណើរការជួសជុលស្ពានជ្រោយចង្វារឡើងវិញនេះ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួសជុល ជាមួយលោក Teruo Nakagawa ប្រធានទីប្រឹក្សាសាជីវកម្ម Central Consultant Inc,។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការ និង អបអរសាទរចំពោះក្រុមហ៊ុន ដែលត្រូវបានជ្រើសរើសជាក្រុមហ៊ុនទីប្រឹក្សាជំនាញ សម្រាប់គម្រោងនេះ ដោយអង្គការ JICA។
យោងតាមការបញ្ជាក់ព័ត៌មានរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងថា នៅឆ្នាំ២០១៤ អ្នកជំនាញអង្គការ JICA បានរកឃើញថា ស្ពាននេះត្រូវបានខូចខាតផ្នែកខ្លះ ដែលចាំបាច់ត្រូវជួសជុលឡើងវិញ។ ដោយសារស្ពានជ្រោយចង្វារដើរតួនាទីជាសរសៃឈាម ដ៏មានសំខាន់ សម្រាប់ការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានព្រមព្រៀងគ្នាជួសជុលស្ពាននេះឡើងវិញក្រោមគម្រោងជំនួយឥតសំណងរបស់ជប៉ុន។
យោងតាមប្រភពដដែលបន្តថា គម្រោងជួសជុល នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ២០១៧ ដោយចំណាយទឹកប្រាក់ ៣០លានដុល្លារសហរដ្ឋអាមេរិក។ អនុវត្តគម្រោងដោយអង្គការ JICA ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២២ខែ។
សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានកសាងឡើងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៦៣ មានប្រវែង១.០៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះត្រូវបានបំផ្លាញក្នុងឆ្នាំ១៩៧២ និងត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩៤៕