(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការ យោងតាមពាក្យបណ្ដឹងជនរងគ្រោះករណីចេញសែកស្អុក២សន្លឹក មានទឹកនប្រាក់ជាង១០ម៉ឺនដុល្លារ។

ពាក់ព័ន្ធជាមួយនឹងករណីចេញសែកស្អុយនេះ កាលពីថ្ងៃទី១៦ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យទាំង២នាក់តំណាងឱ្យក្រុមហ៊ុន E-zone express បានធ្វើការទូទាត់ថ្លៃប្រាក់ទិញប្រេង តាមរយៈមូលប្បទានបត្រ (សែក) ចំនួន២សន្លឹក ដែលសរុបជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ។

ក្រោយពេលចេញសែករួចមក ជនរងគ្រោះឃើញថា សែកទាំង២មិនមានសាច់ប្រាក់ ទើបបានព្យាយាមចរចាដោះស្រាយបំណុលខាងលើ តែមិនបានលទ្ធផលសោះ ហើយបុគ្គលទាំង២នាក់ មានចេតនាគេចវេសមិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍ដែលបានជួញដូរដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងររបស់ក្រុមហ៊ុនជនរងគ្រោះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ប៉ែន សុភាព អាយុ៣៨ឆ្នាំ និងឈ្មោះ ស៊ាង ថៃ អាយុ៣៨ឆ្នាំ។ ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួចមក កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕