(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យសមត្ថកិច្ចត្រូវរឹតបន្តឹង នឹងដាក់កំហិតឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកបើកបរទាំងឡាយណាដែលមិនពាក់មួកសុវត្ថិភាព និងមិនគោរពច្បាប់ចរាចរណ៍។ ការដាក់កំហិត បែបនេះរបស់លោក ងួន រតនៈ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈគណៈបញ្ជាការឯកភាពខេត្តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នាសាលប្រជុំសាលាខេត្តកំពង់ធំ។

លោកបានបន្តទៀតថា អាជ្ញាធរទាំងអស់ត្រូវពង្រឹងឡើងវិញចំពោះការងារស្នូលរបស់ខ្លួន ជាពិសេសការបង្ក្រាបឱ្យខានតែបានទៅលើការនេសាទខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន ព្រោះបច្ចុប្បន្ននេះរូបភាពលោកផ្ទាល់ត្រូវបានគេ យកទៅផ្សព្វផ្សាយក្នុងសារព័ត៌មានរួចហើយដែរ។

លោកក៏បានសំណូមពរដល់កងកម្លាំងទាំងអស់ត្រូវពិនិត្យមើលមុខសញ្ញា និងតាមដានឱ្យបានច្បាស់លាស់ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

បន្ថែមពីនេះ លោកបានបន្តថា អាជ្ញាធរក្រុង ស្រុកទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅតាមថ្នាក់មូលដ្ឋានឱ្យបានទាន់ពេលវេលា ហើយត្រូវកំណត់នៅបញ្ហាទំនាស់ទាំងនោះ តើវាជាប្រភេទបញ្ហា អ្វីខ្លះ? ហើយដោះស្រាយបានប៉ុន្មានករណី? និងត្រូវមានផែនការដោះស្រាយនៅពេលបន្ទាប់ទៀតហើយ។

លោកនឹងតាមដាននៅកិច្ចការនេះនៅពេលប្រជុំលើកក្រោយ តើការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋបានដល់កម្រិតណាហើយ? ដោយឡែក ចំពោះការប្រមូលផ្ដុំក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវកំណត់ឱ្យបានច្បាស់លាស់នៅផែនការក្នុងការបន្តចាក់សាំងជូនប្រជាពលរដ្ឋ និងតាមដានឱ្យបានច្បាស់លាស់តើប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការឆ្លងវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្មាននាក់ ដែលតម្រូវឱ្យមានការព្យាបាលនៅផ្ទះ ឬក៏មានអាការៈធន់ធ្ងរដែលត្រូវបញ្ជូនមកមន្ទីរពេទ្យឱ្យបានទាន់ពេល។

លោកក៏បានសំណូមពរដល់អាជ្ញាធរក្រុងស្រុកខណ្ឌ នៅតាមមូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងការធ្វើកិច្ចការរបស់ខ្លួន ដើម្បីត្រៀមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។

លើសពីនេះទៅទៀតអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការដោះស្រាយបញ្ហាធំរបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាដែលនៅសេសសល់កន្លងមក ត្រូវតែចូលរួមពិភាក្សាដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីជាការផ្ដល់ទំនុកចិត្តជូនដល់ប្រជាពលរដ្ឋផងដែរ។

លោក ងួន រតនៈ បានសំណូមពរដល់អាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវតែពិនិត្យតាមដាននៅសុខទុក្ខរបស់ប្រជាពលរដ្ឋពិសេសការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួន និងធ្វើរបាយការណ៍មកមន្ទីរជំនាញពាក់ព័ន្ធឱ្យបានទាន់ពេលវេលា៕