(កំពង់ស្ពឺ)៖ ការសាកល្បងលើផ្ទៃដីចំការប្រមាណជា ១៣៥ហិកតា ដែលពោរពេញទៅដោយដំណាំស្វាយកែវល្មៀត និងដំណាំក្រូចឆ្មារ របស់លោក ហ៊ាន វណ្ណារិន អាយុ៣៩ឆ្នាំ ជាកសិករស្ថិតនៅក្នុងកំប៉េះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើឡើងបានយ៉ាងគាប់ប្រសើរ ដោយស្រោចជី ការពារផ្កា និងផ្លែ តាមរយៈការប្រើប្រាស់ដ្រូនកសិកម្ម។

លោក ហ៊ាន វណ្ណារិន បានលើកឡើងថា ជាធម្មតាកន្លងមកលោកត្រូវចំណាយកម្មករយ៉ាងតិច ចំនួន៥០នាក់ ដើម្បីថែទាំដំណាំក្នុងចំការនេះ ប៉ុន្តែនៅពេលបច្ចុប្បន្ននៅពេលដែលវិស័យឧស្សាហកម្មមានការរីកចម្រើនខ្លាំងប្រជាពលរដ្ឋបានងាកទៅធ្វើជាកម្មករ-កម្មការិនីរោងចក្រវិញ ដោយធ្វើឲ្យវិស័យកសិកម្មត្រូវជួបវិបត្តិព្រោះតែខ្វះកម្លាំងពលកម្ម ហើយនៅពេលមានដ្រូនកសិកម្មនេះ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ អាចកាត់បន្ថយការប្រើមនុស្សបានច្រើន។

លោក តូច ញ៉ាវ ប្រធានការិយាល័យ គ្រឿងយន្ត នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្នផ្ទៃដីមួយភាគធំនៃខេត្តកំពង់ស្ពឺ ត្រូវបានដាំដុះដំណាំកសិកម្ម និងមួយភាគទៀតជារោងចក្រសហគ្រាស ហើយកន្លងមកកសិករជាម្ចាស់ចំការតែងធ្វើការដាំដុះ និងថែទាំទៅតាមប្រពៃណីដោយប្រើកម្លាំងមនុស្សជាមធ្យោបាយ ប៉ុន្តែស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើបកសិករនៅតាមប្រទេសជឿនលឿនគេបានប្រើប្រាស់គ្រឿងយន្តជំនួសកម្លាំងមនុស្សវិញ។

លោកបញ្ជាក់ថា នេះជាលើកទីមួយហើយដែលកសិករនៅក្នុងស្រុកឱរ៉ាល់ បានប្រើប្រាស់នូវគ្រឿងយន្តដ្រូនកសិកម្មជំនួសឲ្យកម្លាំងមនុស្ស ក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិត និងថែទាំលើស្លឹក ផ្កា និងបាញ់ថ្នាំបំប៉នផ្សេងៗទៀត ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ លោក គឹម សាន អគ្គនាយកក្រុមហ៊ុន PLC ជាអ្នកនាំចូលដ្រូនកសិកម្ម ប្រភេទ DJI បា ន លើកឡើងថា ដោយមើលឃើញពីសក្តានុពលនៃដំណាំកសិកម្មក្នុងខេត្តកំពង់ស្ពឺ សង្កេតឃើញមានការរីកចម្រើនខ្លាំង និងមើលឃើញពីតម្រូវការចាំបាច់ខ្ពស់របស់កសិករក្នុងខេត្ត ទើបក្រុមហ៊ុនបានសម្រេចនាំចូលនូវផលិតផលដ្រូនកសិកម្មខ្នាតធំដែលអាចផ្ទុកទឹកបានរហូតជាង ៥០គីឡូក្រាម ជាលើកដំបូងមកជួល ឬលក់ឲ្យកសិករនៅទឹកដីកំពង់ស្ពឺ។

លោកប្រធានក្រុមហ៊ុន លើកឡើងបន្ថែមថា ចង់ឲ្យប្រជាកសិករទាំងអស់ងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើបជំនួសកម្លាំងមនុស្សវិញ ធ្វើឲ្យដូចប្រទេសជឿនលឿនមួយចំនួនដែលប្រកបវិស័យការងារកសិកម្មដូចគ្នា ដោយដ្រូនកសិកម្មពិតជាបានជំនួសឲ្យកម្លាំងមនុស្សបានច្រើន លើការងារបាញ់សម្លាប់សត្វល្អិតដែលផ្តល់មកវិញនូវការចំណេញពេលវេលា ថវិកា កម្លាំងពលកម្ម ជាពិសេសមិនប៉ះដល់សុខភាព។

ដ្រូនកសិកម្មអាចធ្វើការក្នុងមួយម៉ោង បានរហូតដល់ទៅ១៦ហិកតា ដោយមានអ្នកចាត់ចែងត្រឹមតែ២នាក់ប៉ុណ្ណោះ ខុសពីការបាញ់តាមបែបប្រពៃណីដែលត្រូវឲ្យមនុស្សច្រើននាក់ពាក់ធុងដើរបាញ់នៅតាមដើមដំណាំប្រឈម និងការប៉ះពាល់ផ្ទាល់ជាមួយថ្នាំគីមី។ ការចំណាយកម្លាំងពលកម្មតិច គឺអាចផ្តល់ឱកាសឱ្យបងប្អូនអាចទៅប្រកបកិច្ចការងារផ្សេងៗទៀតបាន៕