(ភ្នំពេញ)៖ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាពេលខាងមុខ កម្ពុជាមានការរំពឹងទុកចំពោះការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការបើកទេសចរណ៍ក្នុងប្រទេស និងទេសចរណ៍អាស៊ានឡើងវិញ ក៏ដូចជាផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍សុវត្ថិភាពក្នុងប្រទេស ខណៈរាជរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្ត្រទេសចរណ៍ចាក់វ៉ាក់សាំងយ៉ាងមានប្រសិទ្ធភាព។

ការរំពឹងទុកនេះគឺបន្ទាប់ពីមានកិច្ចជំនួបពិភាក្សាការងាររវាងលោក លី ជូអុក (Lee Joo-Ok) ប្រធានកម្មវិធីតំបន់អាស៉ីប៉ាស៉ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ជាមួយលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

គួរជម្រាបថា វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នឹងប្រារព្ធឡើងនៅអំលុងខែឧសភា ឆ្នាំ២០២២ នាទីក្រុងដាវ៉ូស (Davos Town) ប្រទេសស្វីស ដែលនឹងមានការពិភាក្សាបង្ហាញបទពិសោធន៍ល្អៗអំពីតំបន់អាស៊ាន។ នេះបើតាមការបញ្ជាក់របស់លោក លី ជូអុក តំណាងវេទិកាសេដ្ឋកិច្ចពិភពលោក។

ក្នុងនាមតំណាងវេទិកាសេដ្ឋកិច្ចពិភពលោក លោក លី បានអញ្ជើញថ្នាក់ដឹកនាំក្រសួងទេសចរណ៍ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ ដើម្បីបង្ហាញពីគោលដៅទេសចរណ៍កម្ពុជា ប្រសិទ្ធភាពនៃការគ្រប់គ្រងវិបត្តិកូវីដ-១៩ ក៏ដូចជាយុទ្ធសាស្ត្រនៃការបើកទេសចរណ៍ក្នុងប្រទេសរបស់ខ្លួនឡើងវិញ។ តំណាងវេទិកាសេដ្ឋកិច្ចពិភពលោកក៏បានសន្យាដែរថា នឹងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ក្នុងពេលរៀបចំព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកនោះ។

នាជំនួបនោះដែរ លោក ប៉ាក់ សុខុម បានលើកឡើងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ដែលជាគន្លឹះដ៏សំខាន់ក្នុងការបើកសកម្មភាពសេដ្ឋកិច្ច និងបើកទទួលទេសចរអន្តរជាតិឡើងវិញ។ លោកបានជម្រាបដល់តំណាងវេទិកាសេដ្ឋកិច្ចពិភពលោកថា «កម្ពុជាសព្វថ្ងៃ ត្រូវបានវាយតម្លៃថាជាគោលដៅទេសចរណ៍សុវត្ថិភាព»។

លោករដ្ឋលេខាធិការក៏បានបង្ហាញអំពីចក្ខុវិស័យ ក៏ដូចជាការរៀបចំការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ តាមរយៈការអនុវត្តដោយយកចិត្តទុកដាក់លើផែនទីចង្អុលទិសស្ដីពីការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាស្របទៅតាមយុទ្ធសាស្ត្រទេសចរណ៍ចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានអនុម័តរួចហើយនោះ។

តំណាងវេទិកាសេដ្ឋកិច្ចពិភពលោកបានអបអរសាទរ និងកោតសរសើរដល់ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២កន្លងមក ប្រកបដោយជោគជ័យ ហើយគ្មានករណីឆ្លងជំងឺកូវីដ១៩ ពិសេសគឺបានដាក់ចុះនូវស្មារតីរួមរបស់អាស៊ានក្នុងការបើកទេសចរណ៍អាស៊ានឡើងវិញ។ លោកថែមទាំងបានកោតសរសើរដល់ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានផ្ដល់អនុសាសន៍ជូនដល់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដើម្បីខិតខំបើកទេសចរណ៍អាស៊ានឡើងវិញជាដំណាក់កាលៗប្រកបដោយការទទួលខុសត្រូវ ដោយផ្ដើមចេញពីការពិនិត្យលើការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ការទទួលស្គាល់នូវការចាក់វ៉ាក់សាំងទៅវិញទៅមក ក៏ដូចជាការរៀបចំច្រករបៀងធ្វើដំណើរអាស៊ានផងដែរ។

លោក លី ជូអុក បានប្ដេជ្ញាថានឹងខិតខំយកស្មារតីនៃការបើកទេសចរណ៍អាស៊ាន ក៏ដូចជាភាពរីកចម្រើននៃបើកទេសចរណ៍អាស៊ានឡើងវិញនេះ ទៅផ្សព្វផ្សាយបង្ហាញនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។

តាមរយៈការគាំទ្រពីសំណាក់វេទិកាសេដ្ឋកិច្ចពិភពលោកខាងលើនេះ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ទ្រី ឈីវ បានបញ្ជាក់ថា «កម្ពុជានឹងអាចបង្ហាញទៅកាន់ពិភពលោកបន្ថែមទៀតអំពីស្នាដៃ និងភាពសកម្មរបស់ខ្លួនក្នុងការដឹកនាំក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជាប្រធានទេសចរណ៍អាស៊ាន ២០២០-២០២១ ជាពិសេសគឺនឹងបានបង្ហាញទៅកាន់ពិភពលោកអំពីប្រសិទ្ធភាពគោលដៅទេសចរណ៍សុវត្ថិភាពនៅកម្ពុជា»

លោក ទ្រី ឈីវ បានបន្តថា ភាគីវេទិកាសេដ្ឋកិច្ចពិភពលោក និងក្រសួងទេសចរណ៍ក៏បាន ឯកភាពគ្នាជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៉ីហ្គេមឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ឱ្យក្លាយទៅជាកាតាលីករមួយក្នុងការជំរុញបើកទេសចរណ៍ក្នុងតំបន់ផង និងបើកទេសចរណ៍នៅកម្ពុជាផង សំដៅធ្វើយ៉ាងណាជំរុញឱ្យមានការធ្វើដំណើរអន្តរជាតិយ៉ាងទូលំទូលាយឡើងវិញ៕