(ពោធិ៍សាត់)៖ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ, លោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស ព្រមទាំងសមាជិកាជាច្រើនរូបទៀត នៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៦ បានចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អណ្តូងទឹកប្រើប្រាស់ ក្នុងឃុំអូរតាប៉ោង ចំនួន៧អណ្តូង ស្របពេលដែលអាកាសធាតុកំពុងឡើងកំដៅ នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក អ៊ុម ប៊ុនសឿន ជំទប់ទី១ តំណាង លោក ង៉ែត ហ៊ាង មេឃុំអូរតាប៉ោង បានជម្រាបជូនអំពីស្ថានភាពទូទៅរបស់ឃុំ ដែលមានផ្ទៃដីជាង៥៧ពាន់ហិកតា ក្នុងនោះផ្ទៃដីស្រែជាង ៦ពាន់ហិកតា មាន១៨ភូមិ ប្រជាពលរដ្ឋជាង១៧ពាន់នាក់ ។ ស្ថិតក្នុងស្ថានភាពគ្រោះរាំងស្ងួតនាពេលនេះ ទាំងឃុំទាំងភូមិ បានខិតខំរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីស្វែងរកថវិកា មកជីកអណ្តូងសម្រាប់ប្រើប្រាស់ ជាក់ស្តែងយើងបានទទួលការគាំទ្រ ជាអណ្តូងចំនួន២៥អណ្តូង លើពេលវេលាជីក២៨ម៉ោង ប្រើប្រាស់ថវិកាអស់៥លានរៀន ដែលថវិកាទាំងនេះជាថវិការរបស់ ប្រធានក្រុមការងារចុះជួយខេត្ត តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ថ្នាក់ដឹកនាំខេត្ត និង មួយភាគជាថវិការបស់ឃុំ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋមួយចំនួន។
ក្នុងនាមអាជ្ញាធរឃុំ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី ក្នុងជួរសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត ដែលបានអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខ និង ប្រគល់អណ្តូងទឹក ដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់នាពេលនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ និង គិតគូរគ្រប់បែបយ៉ាង និង ធ្វើឲ្យប្រជាពលរដ្ឋយើងខ្ញុំ កាន់តែមានជំនឿជឿជាក់ លើការងារដឹកនាំរបស់សមាគម ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
លោកស្រី ឯម ប៉ុណ្ណា និង លោកស្រី ហ៊ុន ចាន់ធី បានលើកឡើងថា ភាពរាំងស្ងួត និង អាកាសធាតុឡើងកំដៅខ្ពស់ គឺមិនមែនតែមានចំពោះឃុំអូរតាប៉ោងមួយនោះទេ គឺមាននៅស្ទើរគ្រប់ស្រុក ខេត្ត ទូទាំងប្រទេស ។ លោកស្រីបានឲ្យដឹងថា ការចុះប្រគល់អណ្តូងទឹក ដល់ប្រជាពលរដ្ឋនាពេលនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែង ដែលប្រជាពលរដ្ឋកំពុងជួបការខ្វះខាត ទឹកប្រើប្រាស់ និង ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គួរបញ្ជាក់ថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួយអណ្តូងចំនួន ៧អណ្តូង និងលូចំនួន៦កង់ គិតជាទឹកប្រាក់សរុប ១,៧៧០,០០០រៀល និងសមាជិកា សាខាសមាគមនារីខេត្ត ឧបត្ថម្ភថវិកា ២៣ម៉ឺនរៀល ដល់យុវជនពិការ ឈ្មោះ អ៊ុន វេហា ភេទប្រុស អាយុ ២៥ឆ្នាំ មានបងប្អូនពិការ ៣នាក់ ឪពុកស្លាប់ និង ម្តាយមានគ្រួសារថ្មី ព្រមទាំងបានគិតគូររកជំនាញវិជ្ជាជីវៈ ដើម្បីបម្រើឲ្យជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយឡែក លោកស្រី ហ៊ុន ចាន់ធី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន២០ម៉ឺនរៀល សម្រាប់ទិញស៊ីម៉ង់ដ៍ចាក់សាប សាលាមត្តេយ្យសហគមន៍ផ្សារអណ្តែត ដែលសាងសង់ជិតរួចរាល់ហើយ សម្រាប់បម្រើជាប្រយោជន៍សហគមន៍៕