(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ ដើម្បីកំណត់ច្បាស់អំពីប្រភេទនៃទំនាស់ សម្ដៅពន្លឿនការដោះស្រាយបញ្ហាដែលនៅសេសសល់។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ លោក ងួន រតនៈ បានណែនាំទៀតថា អាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវធ្វើផែនការឲ្យបានច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយលោក និងពិនិត្យតាមដានជាបន្ដបន្ទាប់នៅពេលមានកិច្ចប្រជុំលើកក្រោយ ដើម្បីដឹងច្បាស់ថា តើការដោះស្រាយបញ្ហានៅមូលដ្ឋានបានកម្រិតណា ហើយពលរដ្ឋទទួលយកបានដែរឬទេ។

លោកបានសង្កត់ធ្ងន់ទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការដោះស្រាយបញ្ហាធំរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាដែលនៅសេសសល់កន្លងមកត្រូវតែចូលរួមពិភាក្សាដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីជាការផ្ដល់ទំនុកចិត្តជូនដល់ប្រជាពលរដ្ឋផងដែរ។ លោកបន្ដថា អាជ្ញាធរក្រុងស្រុកទាំងអស់ ក៏ត្រូវតែពិនិត្យតាមដាននៅសុខទុក្ខរបស់ប្រជាពលរដ្ឋពិសេសការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួន និងធ្វើរបាយការណ៍មកមន្ទីរជំនាញពាក់ព័ន្ធឲ្យបានទាន់ពេលវេលា។

ព្រមពេលជាមួយគ្នានេះ លោក ងួន រតនៈ ក៏បានជំរុញឲ្យមន្ដ្រីនគរបាលចរាចរណ៍ ត្រូវបន្ដរឹតបណ្តឹងដល់អ្នកបើកបរដែលមិនពាក់មួកសុវត្ថិភាព និងមិនគោរពច្បាប់ចរាចរណ៍ផងដែរ។ បន្ថែមពីនេះ កងកម្លាំងទាំងអស់ត្រូវពិនិត្យមើលមុខសញ្ញា និងតាមដានឲ្យបានច្បាស់លាស់ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕