(ភ្នំពេញ)៖ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅផ្ទះលេខ៩១B ក្រុមទី០២ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរលត់ទៅវិញហើយ នៅវេលាម៉ោង១៖៤០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ក្រោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានបញ្ចេញរថយន្តចំនួន៥គ្រឿង ទៅជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ តែប្រើអស់តែ២គ្រឿងប៉ុណ្ណោះ។
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យគ្រោះអគ្គិភ័យនេះ មកពីកូនម្ចាស់ផ្ទះលួចដុត ពីព្រោះខឹងម្តាយរបស់ខ្លួន ចែកលុយមិនស្មើក្រោយពេលលក់ផ្ទះនេះទៅឲ្យគេ។ អាជ្ញាធរសង្កាត់បានបញ្ជាក់ថា «អគ្គិភ័យនេះបានកើតឡើង បណ្តាលមកពីកូនរបស់គាត់ជាអ្នកដុត រួចរត់គេចខ្លួនបាត់។ មូលហេតុ ផ្ទះនេះទើប នឹងលក់ឲ្យគេ ហើយចែកលុយមិនស្មើគ្នា ទើបមានហេតុការណ៍នេះកើតឡើង»។ ដោយមានការជួយពីសំណាក់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង បាញ់អស់២គ្រឿងទើបរលត់ទៅវិញ។ ផ្ទះនេះថ្មក្រោមឈើលើ ម្ចាស់ផ្ទះឈ្នោះ ព្រហ្ម ឈួន បានលក់មកឲ្យឈ្មោះហ៊ុល រ៉េត ភេទស្រី អាយុ៦១ ឆ្នាំ ទើបនឹងកក់បានចំនួន១ម៉ឺនដុល្លារ នៅ២មុឺនដុល្លាទៀត។