(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានជួបប្រជុំជាមួយ លោកស្រី យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី និង លោកស្រី យ៉ាង យ៉ាន់យី បានផ្លាស់ប្តូរទស្សនៈគ្នា និងបានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរប្រទេសចិនដែលបានរៀបចំជោគជ័យនូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ហើយលោកស្រី យ៉ាង យ៉ាន់យី បានពាំនាំនូវការថ្លែងអំណរគុណរបស់ថ្នាក់ដឹកនាំចិនថ្វាយចំពោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានយាងចូលរួមក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡានេះ នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ប្រាក់ សុខុន បានសម្តែងនូវអំណរអរគុណចំពោះប្រទេសចិនដែលបានបន្តផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩។ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសង្ឈឹមចង់ឃើញការហោះហើរត្រង់រវាងទាំងពីរចាប់ដំណើរការឡើងវិញ សម្រាប់ជាផលប្រយោជន៍ដល់កិច្ចសហប្រតិ- បត្តិការក្នុងវិស័យទេសចរណ៍ និងធុរកិច្ច។

លោកស្រី យ៉ាង យ៉ាន់យី បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើគ្រប់វិស័យ។

ចំពោះបញ្ហាក្នុងតំបន់ និងសកលលោក ភាគីទាំងពីរ បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ក៏ដូចជារវាងអាស៊ាន-ចិន ដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុង និងក្រៅតំបន់។ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះការវិវត្តនៃភាពជាដៃគូអាស៊ាន-ចិន ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ហើយបានសម្តែងនូវការពេញចិត្តចំពោះការប្រារព្ធប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលពិសេសអាស៊ាន- ចិន កាលពីឆ្នាំមុន ដើម្បីរំឭកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ជាពិសេសការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនគណៈប្រតិភូចិន អំពីហេតុផលដែលនាំឱ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនគណៈប្រតិភូអំពីគម្រោងដំណើរទស្សនកិច្ច ជាលើកដំបូងរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធាន អាស៊ាន ដែលនឹងគ្រោងធ្វើឡើងនៅចុងខែនេះ។ លោក បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ជាពិសេសដើម្បីបញ្ចប់អំពើហិង្សា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនានយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ។

លោកស្រី យ៉ាង យ៉ាន់យី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការធ្វើឱ្យមានវឌ្ឍនភាពលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន តាមរយៈដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោកស្រី ក៏បានគូសបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិនចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងគាំទ្រដល់បេសកកម្មរបស់ លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ផងដែរ។

លោកស្រី បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា៕